មនុស្សយ៉ាងតិច៨នាក់ ក្នុងនោះមានកុមារផងដែរបានស្លាប់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍បែកធ្លាយឧស្ម័ននៅក្នុងរោងចក្រគីមីមួយកន្លែងរបស់ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពsputnik ផ្សាយថា ប៉ូលិសក្នុងតំបន់បញ្ជាក់ថា ការធ្លាយឧស្ម័ននេះកើតឡើងនៅវេលាម៉ោងប្រហែល៣និង៣០នាទីរំលងអធ្រាត្រ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៧ ខែឧសភា នៅរោងចក្រ LG Polymers India Pvt Ltd ស្ថិតនៅក្នុងភូមិ RR Venkatapuram ភាគខាងត្បូងរដ្ឋ Andhra Pradesh របស់ប្រទេសឥណ្ឌា ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍នេះ បង្កឲ្យលំបាកដល់កងកម្លាំងជួយសង្គ្រោះ ព្រោះផ្សែងពុលខ្លាំង និងមិនអាចចូលទៅខាងក្នុងរោងចក្រនោះបានទាន់ពេលវេលា ។ ពលរដ្ឋរស់នៅក្បែររោងចក្រ ត្រូវបានស្នើឲ្យចាកចេញពីលំនៅឋានទៅរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ។ អ្នកនៅក្នុងរោងចក្រទាំងអស់ត្រូវបានជម្លៀសខ្លួនផងដែរ។
ជនរងគ្រោះជាច្រើននាក់បានសន្លប់បាត់ស្មារតី ។ អ្នកខ្លះក្អួតចង្អោ ។ មន្ត្រីក្នុងតំបន់បញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ការបែកធ្លាយនេះធ្វើឲ្យសាយភាយទៅកាន់ភូមិចំនួន២០ជុំវិញរោងចក្រនេះ ។ រថយន្តសង្គ្រោះបន្ទាន់សម្រាប់ដឹកករណីជំងឺកូវីដ១៩នោះ ត្រូវបានបង្វែរឲ្យដឹកមនុស្សទៅរកទីកន្លែងដែលមានសុវត្ថិភាពវិញ ។
រោងចក្រ LG Polymers India Pvt Ltd គេគ្រោងនឹងបើកឡើងវិញនៅថ្ងៃទី៧ ខែឧសភា បន្ទាប់ពីការបិទអស់រយៈពេល ៤០ ថ្ងៃ តាមគោលការណ៍ចាក់សោទូទាំងប្រទេស របស់រដ្ឋាភិបាល Narendra Modi ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។ ចំពោះមូលហេតុបែកធ្លាយនេះ ស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច៕ ប្រែសម្រួលដោយ៖ thach yat