បើគិតចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២០ មេរោគនេះបាន សម្លាប់ មនុស្ស នៅលើពិភពលោក អស់២៦៥ ០៥១នាក់ ក្នុងចំណោមអ្នកជំងឺ ចំនួន ៣ ៨២១ ៩២១នាក់។ ប៉ុន្ដែទោះជាយ៉ាងណា ក៏មានអ្នកត្រូវព្យាបាលជាសះស្បើយ ១ ៣០១ ៧២៥នាក់ផងដែរ។
រហូតមកដល់ពេលនេះ អាមេរិកបានក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង ១ ២៦៣ ០៩២នាក់ ក្នុងនោះស្លាប់ ៧៤ ៧៩៩នាក់ និងជាសះស្បើយ ២១២ ៩៨១នាក់។ ដោយសារតែចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ កើនឡើងយ៉ាងច្រើនគួរឲ្យភ័យខ្លាចបែបនេះ ទើបធ្វើឲ្យប្រធានាធិបតីអាមេរិកខឹងសម្បាយ៉ាងខ្លាំង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថា មេរោគដ៏កាចសាហាវនេះ លេចចេញពីមន្ទីរពិសោធន៍របស់ចិន ទើបបង្កឲ្យមានការរីករាលដាលពាសពេញពិភពលោកបែបនេះ។ ក្រៅពីនេះ អាមេរិកបានចាត់ទុកចិន ជាការបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សន្ដិសុខជាតិអាមេរិក ហើយបញ្ជាឲ្យក្រុមស៊ើបការណ៍សម្ងាត់តាមដានសកម្មភាពរបស់ចិនថែមទៀតផង ព្រោះអាមេរិកខ្លាចចិនដណ្ដើមមហាអំណាចកំពូលពីខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិននៅតែបដិសេធរាល់ការចោទប្រកាន់របស់អាមេរិក ដោយសុំកុំឲ្យអាមេរិក យកវីរុសមកធ្វើជារឿងនយោបាយ។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក ក៏បានអះអាងថា កូវីដ១៩នេះ គឺកើតចេញពីធម្មជាតិ។
ដោយឡែកប្រទេសដែលមានចំនួនអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លង ២៥៣ ៦៨២នាក់ ស្លាប់២៥ ៨៧៥នាក់ និងជាសះស្បើយ១៥៩ ៣៥៩នាក់។ អ៊ីតាលី មានអ្នកឆ្លង២១៤ ៤៥៧នាក់ ស្លាប់២៩៦ ៨៤នាក់ និងជាសះស្បើយ៩៣ ២៤៥នាក់។ អង់គ្លេស មានអ្នកឆ្លង ២០១ ១០១នាក់ និងស្លាប់៣០ ០៧៦នាក់៕ ប្រែសម្រួល ដោយ Nuon