យោធាវេណេហ្ស៊ុយអេឡាបានកម្ទេចការប៉ុនប៉ងមួយ ឈ្លានពានតាមផ្លូវសមុទ្រ ដោយក្រុមទាហានស៊ីឈ្នួលប្រដាប់អាវុធធុនធ្ងន់ មកពីប្រទេសកូឡុំប៊ី កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ដោយសម្លាប់សកម្មប្រយុទ្ធអស់ច្រើននាក់ និងចាប់ខ្លួនយ៉ាងតិចពីរនាក់ ក្នុងចំណោមពួកគេទាំងនោះ មានសញ្ជាតិសហរដ្ឋអាមេរិក។ នៅថ្ងៃបន្ទាប់មកទៀត ទាហានស៊ីឈ្នួលបានសារភាពទោសកំហុសរបស់ពួកគេ។
បើតាមការចេញផ្សាយរបស់ប្រភព Sputnik នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា បណ្តាញទូរទស្សន៍វេណេហ្ស៊ុយអេឡាបាន ផ្សព្វ ផ្សាយវីដេអូសារភាពរបស់ទាហានស៊ីឈ្នួលសញ្ជាតិអាមេរិក ឈ្មោះ Luke Alexander Denman ដែលជាពលរដ្ឋអាមេរិកម្នាក់ ក្នុងចំណោម២នាក់ត្រូវចាប់ខ្លួន ដោយកងកម្លាំងវេណេហ្ស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ យោងតាមទាហានស៊ីឈ្នួលរូបនេះ គឺពួកគេមានគម្រោងការចាប់ពង្រាត់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro រួចហើយបញ្ជូនឡើងយន្តហោះ ត្រឡប់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីសម្លាប់ចោល។
និយាយទៅកាន់អ្នកសួរចម្លើយរបស់គាត់ លោក Denman បានពន្យល់ថា បេសកកម្មនេះ គឺបានជួបជាមួយជនវេណេហ្ស៊ុយអេឡា នៅក្នុងប្រទេសកូឡុំប៊ី ដោយបានហ្វឹកហ្វឺនពួកគេ ហើយធ្វើដំណើរមកជាមួយពួកគេមកកាន់វេណេហ្ស៊ុយអេឡា ដើម្បីរំដោះទីក្រុង Caracas និងរំដោះអាកាសយានដ្ឋានមួយនៅទីនោះ ក្នុងពេលបន្ទាប់មក ។ ជននេះបាននិយាយក្រោយមកទៀតថា «បទបញ្ជាដែលគេបានទទួល…គឺធានាថា ពួកគេគ្រប់គ្រងអាកាសយានដ្ឋាន ដើម្បីសុវត្ថិភាពនៅពេលនាំលោក Maduro ទៅកាន់អាមេរិក»។
ជន Denman អះអាងទៀតថា ពួកគេមានគ្នាប្រហែល៦០ទៅ៧០នាក់ ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះ ។ ក្រុមទាំងនេះបង្កើតបែកចែកទៅជាក្រុមផ្សេងៗ ដោយក្នុងមួយក្រុមៗ មានគ្នាប្រហែល២០នាក់ ។
គួរបញ្ជាក់ថា សេតវិមានបានថ្លែងបដិសេធ ចំពោះការពាក់ព័ន្ធណាមួយ ជាមួយក្រុមទាហានស៊ីឈ្នួលខាងលើនេះ ដោយក្នុងនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី៥ ខែឧសភាថា ការចាប់ខ្លួនទាហានស៊ីឈ្នួលដែលថា មានពលរដ្ឋអាមេរិក២រូបនោះ មិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាមេរិកនោះឡើយ ។ ប្រទេសកូឡុំប៊ី ក៏បានច្រានចោលការចោទប្រកាន់ប្រហាក់ប្រហែលជាមួយអាមេរិកផងដែរ ។
កាលពីខែមីនា ឆ្នាំ២០២០ អាមេរិកធ្លាប់បានលើកឡើង ក្នុងការចោទប្រកាន់លោក Maduro ថា ជាពួកភេរវករណាកូ ហើយបានផ្តល់រង្វាន់១៥លានដុល្លារ ចំពោះការចាប់ខ្លួនបាន ឬប្រហារជីវិត ៕ ប្រែសម្រួលដោយ៖ thach yat