(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ (Covid-19) នៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ខណៈកំពុងសម្រាកព្យាបាល។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាមិនជាអ្នកជា សះស្បើយ ហើយក៏មិនមានករណីឆ្លងថ្មីឡើយ ខណៈនៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ។
ក្នុងរយៈពេល ២៥ថ្ងៃជាប់ៗគ្នា កម្ពុជានៅតែមិនមានករណីឆ្លងថ្មី ខណៈបានព្យាបាលជាសះស្បើយចំនួន ១២០ហើយ។
ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ២នាក់ មានស្តី្រ ១នាក់ និងបុរស ១នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់ ដែលបានរាតត្បាតលើខេត្តចំនួន ១៣ រួមមាន៖ រាជធានីភ្នំពេញ ២៨នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។
ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២០នាក់ រួមមាន ជនជាតិខ្មែរ ៥០នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕