យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ B-1B Lancer ចំនួន ២ គ្រឿងរបស់កងទ័ពអាកាសអាមេរិក បានហោះពី South Dakota ទៅបាល់ទិក ដើម្បីចូលរួមសមយុទ្ធជាមួយណាតូ កាលពីដើមសប្តាហ៍នេះ រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ផងដែរ។
កាលពីដើមសប្តាហ៍នេះ B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Ellsworth ស្ថិតនៅ South Dakota ឆ្ពោះទៅកាន់សមុទ្របាល់ទិក ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយដៃគូណាតូ ។ នេះបើយោងតាមការចេញផ្សាយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ របស់កងទ័ពអាកាសអាមេរិក នៅអឺរ៉ុប និងកងទ័ពអាកាសអាហ្វ្រិក ។ ការផ្សាយជាសាធារណៈនេះ បានបញ្ជាក់ថា B-1B Lancer បានហោះហើរបំពេញបេសកកម្ម រហូតដល់ទៅ២៤ម៉ោង ។
សេចក្តីថ្លែងការណ៍ បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែក បានចូលរួមក្នុងការធ្វើសមាហរណកម្ម និងការបណ្តុះបណ្តាលអន្តរប្រតិបត្តិការ ជាមួយកងអនុសេនាធំ កងទ័ពជើងអាកាសដាណឺម៉ាក ក៏ដូចជា អនុវត្តការសម្របសម្រួលគាំទ្រតាមដែនអាកាសយ៉ាងជិតស្និទ្ធ ជាមួយ EJTAC (Estonian Joint Terminal Air Controllers) ស្ថិតនៅ Tapa Range ចម្ងាយ៦៥ ម៉ៃល៍ (ជាង១០៤គីឡូម៉ែត្រ) ពីព្រំដែនរុស្ស៊ី។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ការបណ្តុះបណ្តាលជាមួយសម្ព័ន្ធមិត្តរបស់ណាតូ និងប្រទេសជាដៃគូដទៃទៀតនេះ បានរួមចំណែកដល់ភាពធន់ និងអន្តរប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង» ។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បានចូលរួមចំណែកធ្វើឱ្យមានស្ថិរភាព នៅក្នុងតំបន់អឺរ៉ុប តាមរយៈការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សត្រូវណាមួយដែលមានសក្តានុពលនោះ។
យោងតាមក្រសួងការពារជាតិ Estonian បញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ ចូលរួមសមយុទ្ធយោធាបាញ់គ្រាប់ពិតដែលឲ្យឈ្មោះថា «ខ្យល់ព្យុះនិទាឃរដូវ» ៕ ប្រែសម្រួលដោយ៖ thach yat