នៅពេលសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន បានស្ងប់ស្ងាត់បន្តិច ដោយភាគីទាំងពីរបានព្រមព្រៀង ដំណាក់កាលទីមួយ ក្នុងវិស័យពាណិជ្ជកម្ម។ ប៉ុន្តែភាពស្ងាប់ស្ងាត់នោះ មិនបានប៉ុន្មានផង ក៏ផ្ទុះឡើងកូវីដ១៩ ហើយរាលដាលជាសកល។ អាមេរិកបានចោទប្រកាន់ និងទម្លាក់កំហុសទៅឲ្យចិន បើទោះជាស្ថាប័នកំពូលៗអន្តរជាតិ បានអះអាងថា កូវីដ១៩កើតចេញពីធម្មជាតិក្តី។
សកម្មភាពរបស់អាមេរិក ទៅលើចិន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន មិនទុកឲ្យចិនរីកចម្រើន ដោយរលូននោះឡើយ ព្រោះអាមេរិកបានគិតថា ចិនអាចដណ្តើមមហាអំណាចទីមួយរបស់អាមេរិក។ រហូតមកដល់ពេលនេះ ការប្រឈមមុខតានតឹងជាថ្មី រវាង អាមេរិក និងចិន ចាប់ផ្តើមចេញពីកូវីដ-១៩ ហើយភាពតានតឹងនេះកំពុងតែអាចប្រែក្លាយទៅជាសង្គ្រាមត្រជាក់ថ្មីថែមទៀតផង។
អាមេរិក កំពុងកៀរគរ និងអូសទាញសហគមន៍អន្តរជាតិ ឱ្យចោទប្រកាន់ចិនថា វីរុសកូវីដ-១៩ ចេញពីមន្ទីរពិសោធន៍របស់ចិន ។ រីឯសេតវិមាន បានជំរុញឲ្យបណ្តាក្រុមហ៊ុនអាមេរិកដកចេញពីចិន ឈប់ផលិតនៅទីនោះបន្ដទៀត។ បើតាមសារព័ត៌មានរ៉យទ័រ ក្រុមចារកិច្ចរបស់ក្រសួងសន្តិសុខជាតិអាមេរិក បានធ្វើឲ្យបែកធ្លាយព័ត៌មានថា ចិនបានលាក់បាំងកូវីដ-១៩ដើម្បីផ្គត់ផ្គង់បរិក្ខារពេទ្យ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការផ្សះផ្សាទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែបាត់បង់ទៅ។ ចំណែកកិច្ចព្រមព្រៀងដំណាក់កាលទីមួយលើវិស័យពាណិជ្ជកម្ម ក៏កំពុងតែប្រឈមនឹងការរលាយផងដែរ។
បើតាមការលើកឡើងរបស់លោក Shi Yihong អ្នកឯកទេស មកពីមហាវិទ្យាល័យ Rnmin និងជាទីប្រឹក្សា រដ្ឋាភិបាលចិន បានបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលបាន និងកំពុងកើតឡើង កំពុងតែជំរុញឲ្យអាមរិក និងចិន ឈានចូលដំណាក់កាលសង្គ្រាមត្រជាក់ថ្មី។
ខុសប្លែកពីសង្គ្រាមត្រជាក់ រវាងអាមេរិក និងសូវៀត ហើយសង្គ្រាមត្រជាក់ថ្មី នាពេលនេះ គឺជាការប្រកួតប្រជែង និងឃ្លាតឆ្លាយពីគ្នាយ៉ាងឆាប់រហ័សបំផុត ។ ទំនាក់ទំនងរវាង អាមេរិក និងងចិន បានឈានដល់ដំណាក់កាលបែកបាក់។
នៅពេលនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសថា ខ្លួននឹងបង្ហាញឲ្យពិភពលោកបានឃើញច្បាស់ថា កូវីដ-១៩ គឺពិតជាកើតចេញពីបន្ទប់ពិសោធន៍របស់ចិន៕ ប្រែសម្រួលដោយ៖MEO