ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ បានផ្សាយថា សភារបស់អ៊ីរ៉ាក់បានគាំទ្រដល់បញ្ជីបេក្ខជនរដ្ឋមន្ត្រី ស្នើដោយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mustafa Kadhemi នោះហើយ ។ ប៉ុន្តែសភាបានពន្យារពេលបោះឆ្នោត ជ្រើសរើសរដ្ឋមន្ត្រីក្រសួងថាមពលប្រេង និងក្រសួងការបរទេស ។
ទីភ្នាក់ងារព័ត៌មាន INA បានរាយការណ៍ កាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា នៅពេលដំណាលគ្នានោះ សមាជិកសភាបានពន្យារពេលការបោះឆ្នោតលើបេក្ខជនតំណែងរដ្ឋមន្រ្តីក្រសួងថាមពលប្រេង និងរដ្ឋមន្រ្តីក្រសួងការបរទេស ។
ប្រព័ន្ធផ្សព្វផ្សាយ al-Sumaria បានផ្សាយថា រដ្ឋមន្ត្រីដែលបានលើកឡើងនេះ មិនរាប់បញ្ចូលបញ្ជីបេក្ខភាពរដ្ឋមន្ត្រីចំនួន២០រូប ដែលបានស្នើឡើង ដោយនាយករដ្ឋមន្ត្រី Kadhimi នោះឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ប្រធានាធិបតី អ៊ីរ៉ាក់ លោក Barham Salih បានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ គឺលោក Kadhemi ឲ្យក្លាយជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីអ្នកកាន់តំណែងមុន គឺលោក Adnan Zurfi បានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល ដោយសារតែកង្វះការគាំទ្រពីសមាជិកសភា។
នៅមុនពេលលោក Adnan Zurfi នោះ គឺលោក Mohammed Tawfiq Allawi អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ ក៏មិនអាចបង្កើតបានគណៈរដ្ឋមន្រ្តីថ្មីមួយផងដែរ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី Adel Abdul Mahdi បានលាលែងពីតំណែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែមានមហាបាតុកម្មទាមទាររំលាយរដ្ឋាភិបាល ទាមទារឲ្យការរស់នៅរបស់ពួកគេមានជីវភាពធូរធារ និងបញ្ចប់នូវអំពើពុករលួយ ៕ ប្រែសម្រួលដោយ៖ thach yat