ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក កែវ សារ៉េត បានអះអាងថា មន្ត្រី៤នាក់ដែលរងពិន័យពីសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដោយសារអ្នកទាំងនោះពាក់ព័ន្ធ នឹងការកិបកេងប្រាក់ ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ Tiger Street Football ចាប់តាំងពីឆ្នាំ២០១៣មក។
ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមការងារតាំងពីឆ្នាំ២០១៣នោះ បានយកចំណែកទឹកប្រាក់៣០ភាគរយនៃឆ្នាំនីមួយៗទុកដោយមិនប្រគល់ឲ្យសហព័ន្ធ។ នេះជាការរំលោភលើសេចក្តីទំនុកចិត្ត របស់សហព័ន្ធ។
លោក កែវ សារ៉េត បញ្ជាក់ថា ទឹកប្រាក់៥៦៧៣៦ដុល្លារ ត្រូវបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៥មក។ លោកថា ចំនួនទឹកប្រាក់នោះថាច្រើនក៏បាន ប៉ុន្តែ បើយើងនិយាយពីពេលវេលា ចាប់ពីឆ្នាំ២០១៣ មកប្រមាណជា៧ ទៅ៨ ឆ្នាំ ធ្វើឲ្យគណៈកម្មការប្រតិបត្តិលោកមិនពេញចិត្ត ដែលបានរំលោភលើក្រមសីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរក្នុងវិស័យបាល់ទាត់ របស់កម្ពុជា ហើយក៏ប៉ះពាល់ផងដែរដល់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មន្ត្រីទាំងបួនរូបនោះមាន លោក ម៉ៃ តុលា អគ្គលេខាធិការរង លោក គល់ សុភារម្យ ប្រធានការិយាល័យរដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យប្រកួត និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាល៕ ដោយ៖ ប៊ុនធឿន