នៅដើមខែឧសភានេះ អាល្លឺម៉ង់នឹងបោះជំហានថ្មីមួយ ឆ្ពោះទៅរកភាពធម្មតា ដោយរួមទាំងការបើកឲ្យដំណើរការហាងទំនិញ និង សាលា រៀនឡើងវិញ ក្រោយបិទប្រទេស អស់រយ:ពេលជាច្រើនសប្ដាហ៍ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។
យោងតាម AFP បានផ្សាយ នៅថ្ងៃពុធ ខែឧសភា ថា ប្រទេសអាល្លឺម៉ង់ នឹងចាត់វិធានការថ្មី ឆ្ពោះទៅរកភាពប្រក្រតី នៅក្នុងខែឧសភា ដោយរួមទាំងការបើកហាង និងសាលារៀនឲ្យដំណើរការឡើងវិញ បន្ទាប់ពីការបិទទ្វារ អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរុសនេះ។ ប៉ុន្ដែថ្នាក់មត្ដេយ្យ និងបឋមសិក្សា នឹងបើកឲ្យដំណើរការឡើងវិញ នៅសប្ដាហ៍ក្រោយ។ សាលានឹង ផ្ដល់ការ អប់រំដល់សិស្ស តាមលទ្ធភាពដែលអាចធ្វើបានដោយអនុវត្ដជាជំហានៗ ក្រោមវិធានការអនាម័យឲ្យបានត្រឹម។
ជាមួយគ្នានេះដែរ រដ្ឋនានានឹងមានសិទ្ធិសម្រេច ថាតើត្រូវបើកឲ្យការភោជនីយដ្ឋានឡើងវិញ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៩ ខែឧសភា ក៏ដូចជា ការសម្រេចចិត្ដលើការបើកមហោស្រព សាលប្រគំតន្រ្ដី ក្លឹបរាត្រី និងក្លឹបហាត់ប្រាណជាដើម។
ទោះជាយ៉ាងណាដែរ រដ្ឋាភិបាលនៅតែអំពាវនាវជាទូទៅដល់ជនជាតិអាល្លឺម៉ង់ បន្តរក្សាគម្ងាតសុវត្ថិភាពពីគ្នាទៅវិញទៅមក និងពាក់ម៉ាស់ មុខការពារ ទាំងនៅក្នុងហាង និងនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ។
បើយោងតាម Worldometer បានបង្ហាញ កាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ថា ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងកូវីដ១៩ ចំនួន១៦៧ ០០៧នាក់ ក្នុងនោះស្លាប់៦៩៩៣នាក់ និងជាសះស្បើយ១៣៧៤០០នាក់។ អាល្លឺម៉ង់ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនលំដាប់លេខ៦ នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon