ពលរដ្ឋខ្មែរប្រមាណ ២លាននាក់ ដែលជាសមាជិកក្រុមគ្រួសារកម្មករ កម្មការិនី កំពុងបម្រើការងារក្នុងវិស័យវាយនភណ្ឌ អាចរងផលប៉ះពាល់នាពេលខាងមុខ ខណៈរោងចក្រសរុប ៦០ បន្ថែមទៀត នឹងឈានទៅដល់ការព្យួរការងារជាបន្តបន្ទាប់។
យោងតាមលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC កាលពីពេលថ្មីៗនេះឱ្យដឹងថា កាលពីថ្ងៃទី ២ ខែមេសា ឆ្នំា២០២០ GMAC បានធ្វើការអំពាវនាវ ទៅកាន់អ្នកបញ្ជាទិញទាំងអស់ ក្នុងនោះសមាគម GMAC ដោយទទួលបានមកវិញនូវការប្តេជ្ញាចិត្ត ពីអ្នកបញ្ជាទិញមួយចំនួន បន្តទិញផលិតផលវាយនភណ្ឌពីកម្ពុជា ប៉ុន្តែស្ថានភាពចាប់តាំងពីពេលនោះមក បែរជាកាន់តែអាក្រក់ខ្លាំងក្នុងទម្រង់ជាសកល ជាពិសេសក្នុងវិស័យវាយនភណ្ឌកម្ពុជាតែម្តង។
គិតរហូតមកដល់ពេលនេះ រោងចក្រចំនួន ១៨០ បានផ្អាកប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០ បន្ថែមទៀត នឹងឈានទៅរកការព្យួរដូចគ្នា ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់ ត្រូវព្យួរការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ទាំងមិនដឹងច្បាស់លាស់ថា អាចវិលត្រឡប់ដូចធ្វើការវិញនៅពេលណាទេ។
បើតាមសេចក្តីថ្លែងការដដែលរបស់ GMAC ការប៉ះពាល់មកលើកម្មករ កម្មការិនីខ្មែរ ប្រមាណជិត ២០ម៉ឺននាក់ នឹងនាំឲ្យសមាជិកគ្រួសារប្រមាណ ២លាននាក់ផ្សេងទៀត ដែលពឹងផ្អែកទៅលើប្រាក់ខែទាំងនេះ នឹងរងផលវិបាកដូចគ្នា។
នៅក្នុងលិខិត បានបន្ថែមថា GMAC បានយល់អំពីភាពលំបាក ដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ ប៉ុន្តែយើងពិតជាំអំពាវនាវយ៉ាងខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់ មេត្តាគោរពលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញបានទទួលរួចហើយ និងកំពុងដឹកទៅឱ្យអ្នកបញ្ជាទិញ។ រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចហើយពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រំាទ្រនឹងការមិនទូទាត់ប្រាក់នោះទេ។
ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោចក្រត្រូវតែទទួលបានការទូទាត់ នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្តល់អ្វីតិចជាងនេះគឺមិនត្រឹមត្រូវនោះទេ។
លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែកាមិនទូទាត់ គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះយើងសូមអំពាវនាវដល់អ្នកបញ្ជាទិញ ទាំងអស់មេត្តាទូទាត់បំណុលរបស់ខ្លួន៕ ដោយ៖ ឃួន លក្ខិណា