យោងតាមការប្រកាសរបស់កងទ័ពអ៊ីរ៉ាក់បានបញ្ជាក់ថា ការវាយប្រហារដោយរ៉ុក្កែតនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួសឡើយ ។ ការវាយប្រហាររ៉ុក្កែតបែបនេះកើតឡើង ក្រោយការវាយប្រហារបន្តបន្ទាប់ទៅលើកទីតាំងប្រេងនៅក្នុងទឹកដីអ៊ីរ៉ាក់ ក្នុងនោះមួយកន្លែងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងចិន និងមួយទៀត ជារបស់ក្រុមហ៊ុនអាមេរិក ។
យោធាអ៊ីរ៉ាក់បានថ្លែងការណ៍មួយថា រ៉ុក្កែតប្រភេទ Katyusha ចំនួន ៣ គ្រាប់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Baghdad នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។
គ្រាប់រ៉ុក្កែត ត្រូវបាញ់ឆ្ពោះទៅកាន់ទីតាំងឈរជើងរបស់យោធានៅព្រលានយន្តហោះនេះ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួសនោះឡើយ ។ វាគ្រាន់តែបានធ្វើឱ្យខូចខាតហាងកាហ្វេ និងធុងទឹកនៅក្បែរនោះប៉ុណ្ណោះ ។
យោធាអ៊ីរ៉ាក់បានផ្សព្វផ្សាយរូបថតគ្រាប់រ៉ុក្កែត ដែលមានប្រព័ន្ធកំណត់ពេលវេលាផងដែរ ។ យោធាបានបញ្ជាក់ថា បានរកឃើញប្រព័ន្ធទាំងនេះ នៅសង្កាត់ al-Bakriya ទីក្រុង Baghdad ជាទីតាំងស្ថិតនៅភាគខាងជើង ឆៀងខាងកើតព្រលានយន្តហោះ ។ គេមិនទាន់ដឹងច្បាស់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ។
ការវាយប្រហារដោយឡែកពីរផ្សេងគ្នា ក្នុងខែមេសា តែមួយ គឺគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានធ្លាក់នៅក្បែរទីតាំងក្រុមហ៊ុនប្រេងចិន និងអាមេរិក ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីឡើយ។ មិនមានការអះអាងទទួលខុសត្រូវណាមួយទាក់ទងនឹងការវាយប្រហារនោះទេ ។
ការវាយប្រហារកាលពីថ្ងៃទី៦ ខែឧសភា កើតឡើងនៅពេលដែលសភាអ៊ីរ៉ាក់គ្រោងនឹងកោះប្រជុំនៅថ្ងៃឆាប់ៗខាងមុខនេះ ដើម្បីអនុម័តគណៈរដ្ឋមន្រ្តីថ្មីមួយ ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តី លោក Mustafa Al Kadhimi ។
ប្រទេសអ៊ីរ៉ាក់មិនមានការគ្រប់គ្រងពេញលេញនោះទេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតមក នៅពេលដែលនាយករដ្ឋមន្រ្តី Adel Abdul Mahdi បានលាលែងពីតំណែង បន្ទាប់ពីមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយបង្កឲ្យមានអំពើហិង្សាយ៉ាងស្រួចស្រាវ ។
បច្ចុប្បន្ន លោក Abdul Mahdi កំពុងបម្រើការជានាយករដ្ឋមន្ត្រីចាំផ្ទះ។ ការជ្រើសរើសពីរលើកកាលពីពេលមុនរបស់លោក Abdul Mahdi ដើម្បីតំណែងនាយករដ្ឋមន្ត្រីនោះ បានប្រកាសដកថយចេញពីបេក្ខភាពរបស់ពួកគេ ដោយសារការជំទាស់ពីគណបក្សនិកាយ Shia ៕ ប្រែសម្រួលដោយ៖ thach yat