ភ្នំពេញ៖ នៅមុននេះបន្តិច សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជូនដំណឹងបានឱ្យដឹងថា អតីត និងមន្ត្រីរបស់ខ្លួនចំនួន ៤រូប ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។
នៅក្នុងសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា អតីត និងមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយចំនួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
មន្ត្រីទាំងនោះរួមមានលោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ។ ចំពោះលោក ម៉ៃ តុលា សហព័ន្ធបានបញ្ជាក់ថា នឹងត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅកាន់តុលាការ មានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជណាចក្រកម្ពុជា៕ ដោយ៖ តារា