ភ្នំពេញ៖ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានដង្ហែទៅបញ្ចុះនៅស្រុកកំណើត នាឯភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។ ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅ ត្រូវបានធ្វើឡើងទៅតាមបែបបទព្រណៃណីព្រះពុទ្ធសាសនា។
មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) បានទទួលមរណៈភាពកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២នាទីទៀបភ្លឺ ដោយជរាពាធក្នុងជន្មាយុ ៩៦ឆ្នាំ៕ ដោយ៖ តារា