នៅចក្រភពអង់គ្លេស អ្នកបាត់បង់ជីវិត ដោយសារតែជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19)នោះ បានកើនដល់ ៣២ ០០០ នាក់ ក្លាយជាចំនួនច្រើនបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។
ទិន្នន័យនេះចេញផ្សាយ ដោយមន្ត្រីចក្រភពអង់គ្លេស កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។ តួលេខប្រចាំថ្ងៃរបស់រដ្ឋាភិបាល បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ អ្នកជំងឺកូវីដ១៩ បានបាត់បង់ជីវិត សរុប ២៩ ៤២៧ នាក់ ខុសគ្នាពីតួលេខរបស់ការិយាល័យស្ថិតិជាតិ (ONS) និងស្ថាប័នសុខាភិបាល ។
អ្នកជំងឺបានបាត់បង់ជីវិតកើនខ្ពស់ជាងអត្រាមរណភាព នៅប្រទេសអ៊ីតាលី ដែលកាលពីថ្ងៃទី៥ ខែឧសភា មានសរុប ២៩ ៤២៧ នាក់ ។ ដូច្នេះចក្រភពអង់គ្លេសរងគ្រោះលំដាប់ទីពីរ បន្ទាប់ពីអាមេរិក ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ១៩ នៅលើពិភពលោក។
បើតាមការចេញផ្សាយរបស់ប្រភព CNA នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា សហរដ្ឋអាមេរិកមានអ្នកបាត់បង់ជីវិត ជិត ៦៩ ០០០ នាក់ ដោយសារតែជំងឺរាតត្បាតនេះ ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩ នៅជុំវិញពិភពលោក រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បើតាមប្រភព Worldometers អះអាងថា បានកើនឡើង ៣ ៧២៧ ៣០១ នាក់ ក្នុងនោះបាត់បង់ជីវិត ២៥៨ ៣២៦ នាក់ និងជាសះស្បើយ ១ ២៤១ ៩៣១ នាក់។
អាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ដោយមានអ្នកឆ្លងវីរុសនេះ មានសរុប ១ ២៣៧ ៦៣៣ នាក់, អេស្ប៉ាញ មានអ្នកឆ្លង ២១៩ ៣២៩ នាក់, អ៊ីតាលី មានអ្នកឆ្លង ២១៣ ០១៣ នាក់ និងចក្រភពអង់គ្លេស មានអ្នកឆ្លង ១៩៤ ៩៩០ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat