ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ដែលនៅសេសសល់ទាំង ២នាក់ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ តែប្រឈមនឹងបញ្ហាផ្លូវចិត្តខ្លះៗ នៅក្នុងអំឡុងពេលនេះ។ នេះបើយោងតាមលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ប្រាប់ទីភ្នាក់ងារ AKP។
លោក លី សូវ៉ាន់ បានលើកឡើងថា៖ “អ្នកជំងឺដែលនៅសេសសល់ទាំងពីរនាក់នោះ គឺម្នាក់ជាស្ត្រីជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ដែលពុំមានចេញរោគសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ ហើយយើងសន្និដ្ឋានថាគាត់នឹងឈានទៅរកការជាសះស្បើយក្នុងពេលឆាប់ៗនេះ ប៉ុន្តែដោយសារតែគាត់នៅបន្តវិជ្ជមាន ធ្វើឱ្យអារម្មណ៍គាត់មិនសប្បាយចិត្ត ហើយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់គាត់ខ្លះៗ ព្រោះយើងពុំអាចអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបានឡើយ ដោយនៅបន្តតាមដានរហូតទាល់តែការធ្វើតេស្តអវិជ្ជមានចំនួន ២ដងសិន”។
លោកវេជ្ជបណ្ឌិតបន្តថា៖ “ចំណែក១ករណីទៀត គឺបុរសជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏មានអារម្មណ៍ប្រហាក់ប្រហែលគ្នា ដូចស្ត្រីនៅខេត្តបន្ទាយមានជ័យដែរ ព្រោះថាពួកគាត់បានដឹងថា អ្នកជំងឺផ្សេងទៀត បានជាសះស្បើយ នៅឡើយតែពួកគាត់ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ព្យាបាល ក៏ដូចជាពិគ្រោះផ្នែកសតិអារម្មណ៍ អ្នកជំងឺរូបនេះ បានធូរស្រាលអារម្មណ៍ច្រើន ហើយខ្ញុំជឿជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ នឹងឈានទៅរកការជាសះស្បើយមិនខាន ក្នុងពេលដ៏ឆាប់នេះ”។គិតត្រឹមព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលពុំរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំនួន ២៤ថ្ងៃជាប់គ្នាហើយ ដោយអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ ២នាក់ប៉ុណ្ណោះ ខណៈករណីស្លាប់មិនទាន់មាននៅឡើយនោះទេ៕ ដោយ៖ តារា