ប្រភពព័ត៌មាន Sputnik កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅមន្ទីរបញ្ចកោណថា «រដ្ឋាភិបាលអាមេរិកមិនបានធ្វើអ្វីដូចដែលបានកើតឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា រដ្ឋមន្ត្រីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Nestor Reverol បានប្រកាសថា «ក្រុមទាហានស៊ីឈ្នួលភេរវករ មកពីកូឡុំប៊ី បានប៉ុនប៉ងចូលលុកលុយតាមច្រកសមុទ្រ ដោយមានគោលបំណងវាយប្រហារភេរវកម្ម នៅលើទឹកដីរបស់យើង, ធ្វើឃាតមេដឹកនាំរដ្ឋាភិបាលបដិវត្តន៍ បង្កើននូវស្មារតីហិង្សា បង្កើតភាពវឹកវរ និងការភាន់ច្រឡំ នៅក្នុងចំណោមមហាជន ហើយបីប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មី»។
ក្រុមមន្ត្រីវេណេហ្ស៊ុយអេឡា បាននិយាយថា ពួកគេបានសម្លាប់ពួកទាហានស៊ីឈ្នួលភេរវករទាំងនោះ៨នាក់ ហើយចាប់ខ្លួន២នាក់នាំទៅឃុំឃាំង។ ករណីនេះបង្ហាញឲ្យឃើញច្បាស់ថា ពួកគេជាជនជាតិអាមេរិក ឈ្មោះ Luke Denman និងឈ្មោះ Airan Berry ។ ទាំងពីរនាក់នេះ ជាអតីតកងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិក ។
បុរសទាំងពីរនាក់នេះប្រតិបត្តិការជាមួយជនទី៣ម្នាក់ ឈ្មោះ Jordan Goudreau អតីតស្ថាបនិកក្រុមហ៊ុនកិច្ចសន្យាឯកជន Silvercorp នៅសហរដ្ឋអាមេរិក ហើយដែលបានប្រកាសទទួលខុសត្រូវការវាយប្រហារនេះ ដោយដាក់ឈ្មោះថា «ប្រតិបត្តិការ Gideon» នៅក្នុងវីដេអូផ្សាយនៅលើបណ្តាញ YouTube កាលពីថ្ងៃទី៣ ខែឧសភា ។ លោក Goudreau បាននិយាយព្រមមួយអន្លើលោក Javier Nieto មេបញ្ជាការយោធាវេណេហ្ស៊ុយអេឡា ចូលនិវត្តន៍មួយរូប ដែលបច្ចុប្បន្នបានប្រឆាំងនឹងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ដឹកនាំដោយលោកប្រធានាធិបតី Nicolas Maduro ។
លោក Juan Guaido អតីតប្រធានារដ្ឋសភាជាតិ ក្រោមខ្សែញាក់ពីទីក្រុងវ៉ាស៊ីនតោន ថាជាមេដឹកនាំពេញសិទ្ធិ នៃវេណេហ្ស៊ុយអេឡា នោះ បានប្រកាសច្រានចោលរាល់ការពាក់ព័ន្ធណាមួយទៅនឹងប្រតិបត្តិការ ដែលហៅថា ប្រតិបត្តិការ Gideon ដូចគ្នាទៅនឹងការថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែឧសភា ដែលថា «រឿងរ៉ាវមួយនេះមិនបានពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាលរបស់យើងឡើយ» ៕ ប្រែសម្រួលដោយ៖ thach yat