ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងបានប្រកាសកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រគល់មេដាយសង្រ្គាម ជូនដល់មេដឹកនាំគីម ជុងអ៊ុន ដើម្បីរំលឹកខួបលើកទី ៧៥ នៃការទទួលជ័យជម្នះលើកម្លាំង ណាស៊ីអាល្លឺម៉ង់ ។
សេចក្តីថ្លែងការណ៍បានអះអាងថា មេដាយសង្គ្រាមលោកលើកទី២ (WWII) ត្រូវបានប្រគល់ជូនមេដឹកនាំកូរ៉េខាងជើង ចំពោះការដែលមេដឹកនាំរូបនេះ បានអភិរក្ស និងចងចាំអំពីទាហានស៊ូវៀត ពលីជីវិតនៅលើទឹកដីកូរ៉េខាងជើង ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានប្រគល់មេដាយសង្គ្រាមនេះ ជូនដល់លោក Ri Son-gwon រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។ លោក គីម ជុងអ៊ុន ដែលពាក្យចរចាមអារ៉ាមកាលពីដើមខែនេះលើកឡើងថា បានធ្លាក់ខ្លួនឈឺនោះ មិនបានចូលរួមក្នុងពិធីទទួលមេដាយនេះទេ ។
រូបថតស្តីអំពីការប្រជុំនៅទីក្រុងព្យុងយ៉ាងបានបង្ហាញថា មន្រ្តីរុស្ស៊ី និងកូរ៉េខាងជើង ពាក់ម៉ាស បិទមុខ ទោះបីជាកូរ៉េខាងជើងមិនបានរាយការណ៍អំពីករណីតែមួយនៃវីរុសកូវីដ១៩នេះក៏ដោយ ។
កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានអញ្ជើញលោក គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ថ្ងៃទី៩ ខែឧសភា និងចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងឱកាសខួបទិវាជ័យជំនះរបស់ខ្លួន។ លោក ពូទីន បានប្រកាសពីការសម្រេចពន្យារពេល ការដង្ហែក្បួនព្យុហយាត្រា កាលពីខែមុន ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ឆ្លងរាលដាល ។
កាលពីឆ្នាំ ២០១៥ មេដឹកនាំកូរ៉េខាងជើងបានច្រានចោលការអញ្ជើញស្រដៀងគ្នានេះ ឲ្យទៅចូលរួមខួបលើកទី ៧០ឆ្នាំ ដោយលើកឡើងហេតុផលថា មានកិច្ចរវល់នៅក្នុងប្រទេសរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ thach yat