កាលពីសប្តាហ៍មុននេះ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហើបប្រាប់ពីការនាំចេញផលិតផលវាយនភណ្ឌ ដែលមានសម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ អាចរងផលប៉ះពាល់ខ្លាំង នៅត្រីមាសទី២ នៃដើមឆ្នំា២០២០។
លោកហេង សួរ ដែលជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់បទសម្ភាសន៍ជាមួយនឹងTnaot App តាមប្រព័ន្ធតេឡេក្រាម កាលពីពេលថ្មីៗនេះថា គិតមកដល់ពេលនេះ បញ្ហាចំពោះមុខ ការនាំចេញប្រាកដជាមានផលប៉ះពាល់។ ព្រោះកម្មករនៅកម្ពុជា នៅមានចំណងទាក់ទងជាមួយឪពុកម្តាយជាកសិករ។ ដូច្នេះយើងត្រូវនាំគ្នាជួយការងារកសិកម្មមួយរយៈសិន។
នៅក្នុងសន្និសិទសារព័ត៌មាន ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមស្វែងរកដំណោះស្រាយរួមគ្នា។
លោកបញ្ជាក់ថា៖«ស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរ ជាតិ នឹងរងផលប៉ះពាល់ខ្លាំងនៅត្រីមាសទី២ ឆ្នាំ២០២០នេះ ដែលជាហេតុតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នារិះរកដំណោះស្រាយ ពិសេសភាគីរាជរដ្ឋាភិបាល និយោជក សហជីព-កម្មករ និងអង្គការដៃគូនានា»។
បញ្ហាដំបូងគេ ដែលធ្វើឱ្យមានការរាំងស្ទះដល់ការនាំចេញរបស់កម្ពុជាលើវិស័យនេះ គឺដោយសារការរាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពល ទៅដល់បណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងអាមេរិក ដោយជាហេតុធ្វើឱ្យប្រទេសទាំងនោះ បិទទីផ្សារលក់ដូរជាបន្តបន្ទាប់។ រីឯទំនិញរបស់កម្ពុជាក៏ត្រូវប្រឈមនិងផលប៉ះពាល់នេះយ៉ាងធ្ងន់ធ្ងរផងដែរ។
លោក ហេង សួរ ថា ករណីនេះហើយទើបធ្វើឱ្យរោងចក្រផលិតសម្ភារវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងមួយចំនួនធំនៅកម្ពុជា បានដាក់ពាក្យស្នើសុំព្យួរដំណើរការផលិត និងសុំបិទទ្វារជាបន្តបន្ទាប់។
សូមបញ្ជាក់ថា មកដល់ត្រីមាសទី១ នៃឆ្នាំ២០២០ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនៅសល់ប្រមាណ ៨០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
លោក ហេង សួរ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់ទទួលបានការបញ្ជាទិញនៅឡើយទេ សម្រាប់ខែឧសភា និងខែមិថុនា ក៏ដូចជារយៈពេលតទៅមុខទៀត ដែលអាចសន្និដ្ឋានបានថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងការប៉ះពាល់ខ្លាំងនៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ៕ ដោយ៖ ឃួន លក្ខិណា