កុំយកគំរូតាម! ពលរដ្ឋ៤នាក់ យកគ្រាប់បេមិនទាន់ផ្ទុះមកដំលេង បណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់ និងរបួស៣នាក់
បាត់ដំបង៖ ពលរដ្ឋ ៤នាក់ដើររកផ្សិតប៉ក់ ក៏បានប្រទះឃើញគ្រាប់បេចំនួន ១គ្រាប់ រួចយកមកដំលើឈើបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩៖២០នាទីព្រឹក នៅចំណុចអូរជ្រៅ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះទាំង៤នាក់ខាងលើរួមមាន៖ ទី១-ឈ្មោះ លុច លីណេ ភេទប្រុស អាយុ ១៥ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ (របួសធ្ងន់លើផ្ទៃមុខ) ទី៣-ឈ្មោះ ពិន ដាវុធ ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់ដាច់ដៃស្តាំត្រឹមកែងដៃ) និងទី៤-ឈ្មោះ នី ប៊ុនណាត ភេទប្រុស អាយុ ១៤ឆ្នាំ (របួសស្រាលដាច់ចុងច្រមុះបន្តិច)។ ខណៈបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ទីរួមស្រុកសំឡូត ខេត្តបាត់ដំបង។
ជាមួយគ្នានេះ អាជ្ញាធរដោះមីនស៊ីម៉ាក់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក ដុំ គប់លេង ឫកែច្នៃផ្សេងៗឱ្យសោះ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ ដោយ៖ សាម