Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកបំរើការងារផ្នែកអាជីវកម្មនៅទីក្រុង បានងាកមករំពឹងលើមុខរបរ ក្នុងវិស័យកសិកម្ម

អាជីវកម្មមួយចំនួន នៅរាជធានីភ្នំពេញ ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ឬត្រូវបិទទ្វារជាបណ្តើរៗ ដោយសារតែវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក។ វិបត្តិនេះ បានធ្វើការផ្លាស់ប្តូរស្ថានភាព អ្នករស់នៅទីក្រុងភ្នំពេញ ពីភាពសំបូរមនុស្សអ៊ូអ៊រ ប្រែទៅជាស្ងាត់ជ្រងំវិញ ដោយសារតែអ្នកលក់ទំនិញ និងអ្នកទិញបាននាំគ្នា ពួនសម្ងំនៅតែក្នុងផ្ទះ ជាហេតុធ្វើឱ្យការចរាចរណ៍លក់ដូរទំនិញ ត្រូវរងការកកស្ទះ។

ដោយសម្លឹងមើលឃើញនូវទិដ្ឋភាពបែបនេះ គ្រប់អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងអាជីវកម្ម បានធ្វើការជំរុញ ឱ្យអ្នកដែលធ្លាប់ទទួលផល ពីការងារអាជីវកម្មខ្នាតតូចតាច ឬធំដុំក្តី គួរបង្វែរមុខរបររបស់ខ្លួន ដោយងាកទៅចាប់យកការងារផ្នែកកសិកម្មវិញ បើទោះបីជា ការពឹកផ្អែកលើវិស័យនេះ ត្រូវបានចាប់ផ្តើមជាលក្ខណៈគ្រួសារ ឬ ធ្វើជាកម្មករស៊ីឈ្នួលគេក៏ដោយ។ 

បើតាមអ្នក​អង្កេតស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ និង​ជាស្ថាបនិក Bizkhmer Media បានប្រាប់ឱ្យដឹងថា ទោះបីជាស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជាអាចចប់ ឬក៏បន្តអូសបន្លាយយូរយ៉ាង ណាក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលស៊ីឈ្នួលបំរើការងារនៅក្នុងអាជីវកម្ម ទាំងតូចតាច ឬធំដុំក្តី គួរងាកចាប់យកវិស័យកសិកម្ម ក្នុងពេលបច្ចុប្បន្ននេះ។

លោកសុភារិទ្ធិបានឱ្យដឹងថា៖«បើអត់ការងារធ្វើក្នុងអំឡុងពេលនេះ ខ្ញុំគិតថា បងប្អូនដែលស៊ីឈ្នួលគេ ឬអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ គួរត្រឡប់ទៅខេត្ត ដើម្បីប្រកបមុខរបរកសិកម្ម ដើម្បីផលិតស្បៀងទុក ព្រោះប្រទេសនៅលើពិភពលោក គេតែងតែចាត់ទុកស្បៀងផលិតផលអាហារ ដែលអាចទ្រទ្រង់ជីវិត»។

ស្រដៀងគ្នានេះដែរលោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាពបានលើកឡើង មិនខុសគ្នានិងការជំរុញ របស់អ្នកអង្កេតស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាដែរ។

លោកហ៊ាង វិទ្យាបានឱ្យដឹងថា អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលកន្លងមកនេះ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះថា អ្នកលក់ទាំងអស់នោះគ្មានអតិថិជន។

លោកបញ្ជាក់ថា៖«ជាដំណោះស្រាយបងប្អូន ដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គួរតែត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីធ្វើស្រែចំការមួយរយៈ ព្រោះនៅទីនេះក៏គ្មានអ្វីធ្វើឱ្យរីកចម្រើនប្រសើរវិញដែរ»។

ជាមួយគ្នាផងដែរ អ្នកប្រកបអាជីវកម្មខ្នាតតូចឬសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីរស់នៅជួបជុំបងប្អូន និងបន្តការធ្វើកសិកម្ម ដំណាំស្រែចំការឡើងវិញ។

ជាក់ស្តែង អ្នកធាក់ស៊ីក្លូប្រមាណ៨០នាក់ក្នុងចំណោម១០០នាក់ ដែលជាសមាជិកស្ថិតនៅក្រោម ការគ្រប់គ្រងរបស់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានសម្រេចិត្តនាំគ្នាត្រឡប់ទៅផ្ទះ ឬទៅស្រុកកំណើតវិញ។

បើតាមលោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ​ និងមុខរបរក្រៅប្រព័ន្ធបានឱ្យដឹងថា ដោយសារតែអ្នកធាក់ស៊ីក្លូ គាត់មិនអាចទប់ទល់នឹងថ្លៃចំណាយ ក្នុងការរស់នៅទីក្រុងមិនបាន ទើបគាត់សម្រេចចិត្តត្រឡប់ទៅខេត្តវិញ។

លោកបញ្ជាក់ថា៖«វាជាដំណោះស្រាយដ៏ល្អមួយ នៅពេលដែលពួកគាត់សម្រេចត្រឡប់ទៅស្រុកកំណើត ដើម្បីធ្វើស្រែ។ ចំណែកឯ២០%ទៀតដែលនៅទីនេះ គឺពួកគាត់គ្មានដីស្រែធ្វើដូចគេ ទើបសុខចិត្តធាក់ស៊ីក្លូ រកបានលុយតិចតួចសម្រាប់ថ្ងៃអាហារ២ពេល»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ទៅលើផលប៉ះពាល់ ក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដែលបណ្តាលឱ្យអាជីវកម្មមួយចំនួន ត្រូវបានបិទទ្វារទាំងស្រុង។

ជាមួយគ្នានេះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា បើគិតទៅលើអាជីវកម្មដែលបានចុះបញ្ជីរ និងមិនបានចុះបញ្ជីរ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។

យោងតាមសេចក្តីប្រកាសខាងលើនេះបានឱ្យដឹងថា អនុវត្តតាមវិធានការ និងការណែនាំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការរាគត្បាតនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ស្តីពីការផ្អាកដំណើរការអាជីវកម្ម និងសេវាកម្ម​ទេសចរណ៍ជាច្រើននៅទូទាំងប្រទេស។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២០នេះ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិ​ទ (បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម) ទូទាំងប្រទេសមានចំនួនសរុប២៨៦៥ទីតាំង ស្មើនិង២៩,៥៧% ធៀបនិងទីតាំងអាជីវកម្មទេសចរណ៍សរុប ដែលមាន៩,៦៨៩ទីតាំង រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍​ ខារ៉ាអូខេ រង្គសាល ឌីស្កូ បៀហ្គាឌិន និងកីឡាទេសចរណ៍)។  

ផលប៉ះពាល់ដល់បុគ្គលិគចំនួន៤៦៣៦៩នាក់​ស្មើនឹង ៤២.៦% ប្រៀបធៀបបុគ្គលិកសរុប ១០៨ ៨៤៧នាក់ និងអគ្គុទ្ទេសក៏ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន៩៦នាក់ ស្មើនឹង១.៥%ធៀបនិងចំនួនមគ្គុទ្ទេសក៏ទេសចរណ៍សរុប៦៤១៦នាក់។ ទាំងអស់នេះគឺសុទ្ធសឹងតែអាជីវកម្មដែលបានចុះបញ្ជីជាផ្លូវការ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9195049