វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Patric Evra បានបង្ហើបថា មានគ្រាមួយ លោក Sir Alex Ferguson បានជេរកីឡាកររបស់លោកទាំងអស់ ដោយសារពួកគេមិនព្រមចុះហត្ថលេខាដល់អ្នកគាំទ្រ។
Evra បានចូលរួមជាមួយ Man Utd កាលពីឆ្នាំ២០០៦ ពីក្លឹប Monaco និងបានសាងក្ដេរិ៍ឈ្មោះ ដោយបានជួយឲ្យក្លឹបមួយនេះឈ្នះនូវពានរង្វាន់ធំៗជាច្រើន ដូចជា Premier League, FA Cup, Champions League ជាដើម
យ៉ាងណាក្ដីកាលពីពេលថ្មីៗនេះ Evra បានបង្ហើបនូវរឿងមួយ អំឡុងការប្រកួត pre-season ដោយពេលនោះកីឡាករទាំងអស់មិនបានចុះហត្ថលេខាដល់អ្នកគាំទ្រ ដែលធ្វើឲ្យ Sir Alex មានការខឹងសម្បារខ្លាំង។
«មានម្ដង នៅពេលដែលពួកយើងលេងនៅ pre-season ហើយមុនពេលដែលយើងឡើងលើឡានក្រុង, ពួកយើង (កីឡាករ) ពិតជាអស់កម្លាំងណាស់។ និយាយដោយសោ្មះទៅ មានអ្នកគាំទ្រមួយក្រុម»។
«កីឡាករទាំងអស់ មិនចុះហត្ថលេខាណាមួយឡើយ ព្រោះអស់រៀងៗខ្លួន។ ដូច្នេះពួកយើងឡើងឡានក្រុមតែម្ដង។ ក្រោយមកខ្ញុំមើលតាមបង្អួចឡាន ឃើញ Sir Alex កំពុងចុះហត្ថលេខាដល់អ្នកគាំទ្រម្នាក់ម្ដងៗ។ ខ្ញុំស្បថ គាត់ប្រហែលចុះមិនតិចជាង៤៥នាទីទេ។ គាត់ចុះឲ្យគ្រប់គ្នា»។
«ពេលគាត់ឡើងលើឡាន គាត់ជេរពួកយើងថា «តើពួកឯងកំពុងគិតអី? មនុស្សទាំងអស់នោះបានចំណាយប្រាក់ខែរបស់ពួកគេដើម្បីមើលពួកឯងលេង។ ឥលូវ ឆាប់ចុះពីលើឡាន ហើយចុះហត្ថលេខាឲ្យពួកគេភ្លាម» Evra និយាយ៕
ប្រភព៖ ESPN