បើយោងតាមបទបញ្ជាថ្មីដែលចេញដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា អាកាសយានដ្ឋានជាច្រើនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិពិសេស។
អាកាសយានដ្ឋានដែលបម្រើការហោះហើរក្នុងស្រុកមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយកាលពីថ្ងៃសុក្រ លើកលែងតែអាកាសយានដ្ឋាន Suvarnabhumi, Don Mueang និង U-Tapao នៅតែបិទជើងហោះហើរអន្តរជាតិដដែល។ CAAT អនុញ្ញាតឱ្យព្រលានយន្តហោះអន្តរជាតិទាំងអស់រួមមាន Krabi, Chiang Mai, Chiang Rai, Samui, Surat Thani, Hat Yai និង Hua Hin អាចប្រតិបត្តិការជើងហោះហើរអន្តរជាតិពិសេសបានដូចជា អ្នកទេសចរដែលធ្វើមាតុភូមិនិវត្តន៍ ឬការហោះហើរទៅតាមខេត្តរបស់ប្រជាជនថៃ។ អាកាសយានដ្ឋានអន្តរជាតិភូកេតនឹងបន្តបិទទ្វារជាសាធារណៈរហូតដល់ថ្ងៃទី១៥ ខែឧសភា។ ភូកេត គឺជាតំបន់មួយដែលមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាច្រើនបំផុតក្នុងប្រទេសថៃ ដោយមានអ្នកឆ្លងចំនួន ២២០នាក់និងស្លាប់ចំនួន ២នាក់។ ការហាមឃាត់ត្រូវបានលើកលែងក្នុងករណីពិសេសដូចជា យន្តហោះរដ្ឋឬយោធា ការចុះចតដោយបច្ចេកទេស ការហោះហើរបម្រើផ្នែកវេជ្ជសាស្រ្ត និងជើងហោះហើរដឹកទំនិញ។
រូបតំណាង
អ្នកដែលមកពីបរទេសនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃតាមទីតាំងរដ្ឋកំណត់។ អាកាសយានដ្ឋានទាំងអស់ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៧យប់ ចាប់តាំងពីថ្ងៃទី១ ខែឧសភា។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីវិធានការណ៍ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា និងនីតិវិធីត្រួតពិនិត្យសុខភាពដែលនឹងត្រូវអនុវត្តនៅអាកាសយានដ្ឋាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post