មេដឹកនាំពិភពលោក កាលពីថ្ងៃទី៤ ខែឧសភា បានជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការ មិនមែនជាការប្រកួតប្រជែង នៅក្នុង ការស្រាវជ្រាវ បង្កើតវ៉ាក់សាំងកូវីដ១៩ ដោយមេដឹកនាំទាំងនោះបានសន្យានឹងផ្ដល់ថវិកាចំនួន៧,៤ពាន់លានអឺរ៉ូ ឬស្មើនឹង៨,១ពាន់លានដុល្លារអាមេរិក ។
បើយោងតាម Worldometer បានផ្សាយ នៅថ្ងៃទី៥ ខែឧសភា ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ ៦៤៦ ១០៣នាក់ ក្នុងនោះស្លាប់ ២៥២ ៤០៧នាក់ និងជាសះស្បើយ ១ ១៩៧ ៧០៨នាក់។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ ដោយកូវីដ១៩ ច្រើនជាងគេ គឺអាមេរិក និងតំបន់អឺរ៉ុប។
លោកស្រី Ursula von der Leyen ប្រធានគណ:កម្មការអឺរ៉ុប និងជាអ្នកដឹកនាំកិច្ចប្រជុំតាមវីដេអូខន់ហ្វែរ៉ែនស៍ បានថ្លែងថា មានតែវ៉ាក់សាំងទេ ទើបជាជម្រើសដ៏ល្អសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាន សាទរចំពោះការរៃអង្គាសប្រាក់នេះ ព្រោះវាជាការបង្ហាញពីឥទ្ធិពល នៃ «សាមគ្គីភាព ជាសកល»។
ប្រទេសមហាអំណាចអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា បានសន្យាយ៉ាងធំធេងជាងគេ ក្នុងចំណោមប្រទេស៤០។ ប៉ុន្តែគេមិនឃើញ មានតំណាងផ្លូវការរបស់សហរដ្ឋអាមេរិក ទើបធ្វើឱ្យព្រឹត្តិការណ៍នេះហាក់បីដូចជាមិនខ្លាំងក្លា ហើយជំរុញឲ្យមានការប្រកួតប្រជែង ដើម្បីអភិវឌ្ឍ និងផលិតវ៉ាក់សាំង។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា តម្រូវការថវិកាចាំបាច់ អាចនឹងមានចំនួនច្រើន រហូតសរុបជិត៣៨ពាន់លានដុល្លារអឺរ៉ូ។
លោក Guterres បានថ្លែងទៅកាន់សន្និសីទ ថា “មូលនិធិទាំងនេះ ជាប្រភេទ នៃការចំណាយ សម្រាប់ការអភិវឌ្ឍឧបករណ៍ថ្មី តាមល្បឿនដែលត្រូវការ” ។ ប៉ុន្តែដើម្បីទៅដល់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង យើងទំនងជាត្រូវការចំនួនប្រាំដងទៀត។
ប្រទេសចំនួន៤០ រួមជាមួយអង្គការសហប្រជាជាតិ អង្គការមនុស្សធម៌ រួមទាំងមូលនិធិ មេលីនដាហ្គេត និងវិទ្យាស្ថានស្រាវជ្រាវបានបរិច្ចាគថវិកាទាំងនេះ។ ប៉ុន្ដែការផ្ដួចផ្ដើមគំនិតនេះ គឺអវត្ដមានអាមេរិក ដោយសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើសង្គ្រាមជាចំហជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) ជុំវិញការដោះស្រាយការឆ្លងរាតត្បាតត នៃវីរុសនេះ។
ដោយឡែក អ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍ដល់ការខិតខំរបស់ប្រទេសដទៃទៀត ក្នុងការកៀរគរប្រភពធនធាន ដើម្បីកាត់បន្ថយ និងទីបញ្ចប់ការរីករាលដាល នៃកូវីដ១៩ ។
លោក Boris Johnson នាយករដ្ឋមន្រ្ដីអង់គ្លេស បានថ្លែងទៅកាន់សន្និសីទថា ពិភពលោកត្រូវធ្វើការរួមគ្នា ដើម្បីកសាងខែលដ៏រឹងមាំ សម្រាប់ការពារមនុស្ស នៅជុំវិញខ្លួនរបស់យើង។ រីឯការប្រកួតប្រជែងស្វែងរកវ៉ាក់សាំងនេះ គឺដើម្បីយកឈ្នះលើមេរោគ មិនមែន ដើម្បីយកឈ្នះចាញ់គ្នាទៅលើប្រទេសនានានោះឡើយ។ ប៉ុន្តែការខិតខំរួមគ្នាដែលមានភាពបន្ទាន់បំផុត សម្រាប់អាយុជីវិតរបស់យើង។
អឺរ៉ុបបានបញ្ជាក់ថា ក្នុងចំណោមថវិកា ៧,៥ពាន់លានអឺរ៉ូនោះ គឺ ៤ពាន់លានសម្រាប់អភិវឌ្ឍវ៉ាក់សាំង ២ពាន់លានសម្រាប់ស្រាវជ្រាវថ្នាំព្យាបាល និង១,៥ពាន់លានសម្រាប់ផលិតការធ្វើតេស្ដ៕