ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ង់ត៍ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុករឺម៉កដឹកប្រេងនឹងម៉ូតូកង់បីឥណ្ឌារងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ ចំណែករថយន្តមិនទាន់អស់លឿនរេចង្កូតបុកឡើងដីទួលលើចិញ្ចើមផ្លូវកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែក ជាបួនសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-3622 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រក្នុងលឿនល្មមទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរម៉កដឹកប្រេងម៉ាស៊ីន បន្តរុញទៅបុកម៉ូតូកង់បីមួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HC-4450 បន្តទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនរេចង្កូតឡើងចិញ្ចើមផ្លូវបុកដីទួលកល់ជាប់ទៅមុខលែងរួច សំណាងដែលមិនបុកបង្គោលភ្លើង និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សួង សាម