កីឡាករ Loris Karius សញ្ជាតិអាល្លឺម៉ង់ ដែលមានតួនាទីលេងជាអ្នកចាំទីឱ្យក្លិបបាល់ទាត់ Besiktas បានចេញសេចក្តីប្រកាសជាសាធារណៈនៅលើប្រព័ន្ធ Instagram ថា ខ្លួនបានបញ្ចប់កិច្ចសន្យាមុនពេលកំណត់ជាមួយក្លិប ដោយសារមានបញ្ហារកាំរកូសទាក់ទងការបើកប្រាក់ឈ្នួលប្រចាំខែ។
កីឡាករអ្នកចាំទីរូបនេះ បានផ្លាស់ទៅលេងឱ្យ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Liverpool រយៈពេល ២ ឆ្នាំ ហើយបានបង្ហាញខ្លួនសរុបទាំងអស់ ៦៥ ប្រកួតចាប់តាំងពីផ្លាស់ទៅលេងជាមួយក្លិបនៅតួកគីមួយនេះ។
Karius បានរៀបរាប់ប្រាប់អំពីទុក្ខលំបាករបស់ខ្លួនជាមួយក្លិបខាងលើនេះថា “ខ្ញុំពិតជាមានការអត់ធ្មត់ខ្លាំងណាស់ ខ្ញុំបានប្រាប់ក្រុមប្រឹក្សាភិបាលម្តងហើយម្តងទៀតអំពីរឿងនេះ ប៉ុន្តែពួកគេមិនបានព្យាយាមដោះស្រាយបញ្ហានេះឱ្យដាច់ស្រេចសោះ”។
បើតាមប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លិប Besiktas មិនបានបើកប្រាក់ខែតាមពេលកំណត់ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២០។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ងរូបនេះ នឹងត្រូវវិលត្រឡប់ទៅកាន់ក្លិបចាស់ Liverpool វិញក្រោយខ្លួនបានបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយ Besiktas នៅថ្ងៃចន្ទសប្តាហ៍នេះ។
គួរឱ្យដឹងដែរថា ក្លិប Liverpool បានចុះហត្ថលេខាយកអ្នកចាំទីរូបនេះមកពី ក្លិប Mainz កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនផ្ទេរ ៤.៧៥ លានអឺរ៉ូ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore