ចិនមានឆ្លងថ្មីតែមួយករណីប៉ុណ្ណោះ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រូវបានកត់ត្រា គឺធ្លាក់ចុះប្រៀបធៀបពីមួយថ្ងៃមុននេះ ។
តាមការចេញផ្សាយរបស់អាជ្ញាធរសុខភាពជាតិចិននៅថ្ងៃទី៥ ខែឧសភា បញ្ជាក់ថា ចិនបានកត់ត្រាថ្មី ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសនេះ មានតែមួយករណីប៉ុណ្ណោះ ធ្លាក់ចុះពី៣ករណី ដែលបានកត់ត្រាមួយថ្ងៃមុននេះ ។
គណៈកម្មការសុខភាពជាតិចិនអះអាងថា មួយករណីនេះសោត មកពីប្រភពខាងក្រៅថែមទៀត ។ ប្រភពបន្តថា អ្នកជាសះស្បើយថ្មី មាន១៥នាក់ កាលពីថ្ងៃទី៤ ខែឧសភា គឺច្រើនជាងកាលពីមួយថ្ងៃមុននេះ២នាក់ ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសចិនមានអ្នកឆ្លងកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) សរុប ៨២ ៨៨១ នាក់ ក្នុងនោះបាត់បង់ជីវិតនៅទ្រឹងចំនួន ៤ ៦៣៣នាក់ដដែល មិនមានករណីស្លាប់ថ្មីទៀតទេ ។
គួរជម្រាបជូនថា កូវីដ១៩ នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ របស់ប្រភព wikipedia បញ្ជាក់ថា បានឆ្លងលើមនុស្សជុំវិញពិភពលោកជាង ៣,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ២៥១ ០៥៩ នាក់ និង ១ ១៦២ ២៧៩ នាក់ជាសះស្បើយ ។ វីរុសនេះបានឆ្លងរាលដាលនៅដែនដី និងប្រទេសចំនួន២២៧ ជុំវិញពិភពលោក ៕ ប្រែសម្រួលដោយៈ thach yat