ភ្នំពេញ៖ ទោះពិភពលោកកំពុងរងការរាតត្បាតវីរុសកូវីដ១៩ យ៉ាងណាក្ដី ក៏កម្ពុជាអាចនាំចេញម្រេចបាន ២.២៥២តោនដែរ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ។ នេះបើយោតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដកស្រង់ចេញពី AKP។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ ១៣ ប្រទេស ។ ដោយគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២.២៥២ តោន ទៅកាន់ទីផ្សារនៅប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិក រុស៊្សី អង់គ្លេស ឥណ្ឌា បេឡារុស និងកូរ៉េ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ម្រេចកំពតត្រូវបានគេទទួលស្គាល់ទាំងតម្លៃ និងគុណភាព ប៉ុន្តែក្រៅពីខេត្តកំពត ក៏មានតំបន់ជាច្រើនទៀតកំពុងដាំម្រេច ហើយក៏មានជនជាតិជប៉ុនមកវិនិយោគដាំម្រេចនៅខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ៕ ដោយ៖ តារា