ក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន បានផ្ញើសារទៅកាន់លោកប្រធានាធិបតី ស៊ី ជីនពីង ដោយព្រមានអំពីការកើនឡើងសន្ទិដ្ឋិភាពជុំវិញពិភពលោកប្រឆាំងជាមួយចិន ហើយដែលជាសក្តានុពលអាចនាំឲ្យមានជម្លោះយោធាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ។
ប្រភពព័ត៌មាន Sputnik ផ្សាយដូច្នេះ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយដកស្រង់ប្រភពព័ត៌មានរ៉យទ័រ ។
ការវិភាគដែលត្រូវបានរាយការណ៍ទៅជូនលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមុន បានសន្និដ្ឋានថា «អារម្មណ៍អរិភាព» មកលើប្រទេសចិន ក៏ព្រោះតែលទ្ធផលកំពុងបន្តឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ ។ អារម្មណ៍អរិភាពនេះ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឧបទ្ទវហេតុនៅទីលានធានអានមែន ឆ្នាំ១៩៨៩ ។
តាមការចេញផ្សាយរបស់រ៉យទ័រ បញ្ជាក់ថា ក្នុងចំណោមសេនារីយ៉ូដ៏អាក្រក់មួយ អាចនឹងមាន គឺរួមមានលទ្ធភាពនាំឲ្យមានជម្លោះយោធារវាងអាមេរិក និងចិនកើតឡើង។
ប្រភពព័ត៌មានបានបញ្ជាក់ថា អាមេរិកបានចាត់ទុកការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន ជាការគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ ក៏ដូចជា ការប្រកួតប្រជែងប្រព័ន្ធនយោបាយដែលប្រកាន់ភ្ជាប់ ដោយលទ្ធិប្រជាធិបតេយ្យរប់លោកខាងលិច ។
របាយការណ៍នោះ ក៏បានបញ្ជាក់ជូនលោកប្រធានាធិបតីស៊ី ទៀតថា សហរដ្ឋអាមេរិកកំពុងព្យាយាមកម្ចាត់ការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្ត តាមរយៈការធ្វើឲ្យមានទំនុកចិត្តជាសាធារណៈទៅលើសមត្ថភាពរបស់ខ្លួនឯង ។
រដ្ឋបាលលោកដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំង មានការលាក់បាំងវីរុសកូវីដ១៩ ហើយថា វីរុសនេះ បានចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន ។
ទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ហើយថា ខ្លួនបានជំរុញថា ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្ស ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងផ្តល់ជាគំរូដល់សហរដ្ឋអាមេរិកឲ្យត្រៀមចំពោះវិបត្តិនេះ ។
រដ្ឋាភិបាលចិនបានលើកឡើងដែរថា ការចោទប្រកាន់របស់លោក ត្រាំ គឺជាការប៉ុនប៉ងដើម្បីបញ្ចៀសការស្តីបន្ទោសពីពលរដ្ឋ នៅក្នុងប្រទេសរបស់ខ្លួន ចំពោះវិធានការខ្សោយទប់ស្កាត់ទៅលើការឆ្លងរាតត្បាតនៃវីរុស ។
ជាមួយគ្នានេះដែរ ប្រទេសចិនក៏កំពុងប្រឈមមុខនឹងប្រតិកម្មដែលថា ចិនជាអ្នកទទួលខុសត្រូវចំពោះការរាតត្បាតនេះ ។
អូស្ត្រាលីបានអំពាវនាវឲ្យស៊ើបអង្កេតជាអន្តរជាតិពីប្រភពដើម នៃវីរុស ហើយកាលពីខែមុន បារាំងបានកោះហៅឯកអគ្គរដ្ឋទូតចិនទៅប្រឆាំងតវ៉ា ក្រោយពីស្ថានទូតបានចោទប្រកាន់រដ្ឋាភិបាលបារាំងទុកឲ្យពលរដ្ឋរបស់ខ្លួនស្លាប់ ។
រដ្ឋាភិបាលអង់គ្លេស ដែលជាសម្ពន្ធមិត្តជិតស្និទ្ធរបស់អាមេរិក បានអះអាងថា ទំនាក់ទំនងជាមួយចិន នឹងមិនវិលត្រឡប់ទៅរក «ភាពប្រក្រតីផ្នែកសេដ្ឋកិច្ច» នោះឡើយ បន្ទាប់ពីជំងឺរាតត្បាតនេះ ។
មិនមានភស្តុតាងណាមួយដែលថា វីរុសកូវីដ១៩ ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសចិននោះឡើយ បើទោះជាអាមេរិកថា វាបានកើតឡើងនៅក្នុងមន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហាន ។ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសថា ខ្លួនមិនបានទទួលទិន្នន័យ ឬភស្តុតាងជាក់លាក់ណាមួយពីទីក្រុងវ៉ាស៊ីនតោនទៅលើអ្វីដែលថា ប្រភពដើម នៃវីរុសកូវីដ១៩ មកពីខាងណានោះឡើយ ដូចដែលពីពេលមុននេះ បានថ្លែងដោយរដ្ឋមន្ត្រីក្រសួងការបរទេស Mike Pompeo នោះ ៕ ប្រែសម្រួលដោយ៖ thach yat