ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងយ៉ាងជឿជាក់នៅក្នុងកិច្ចសម្ភាសន៍មួយរបស់ Fox News ថាសហរដ្ឋអាមេរិកនឹងផលិតបានវ៉ាក់ស៊ាំងកូវីដ១៩ យ៉ាងយូរនៅចុងឆ្នាំនេះ។
ថ្លែងទៅកាន់សារព័ត៌មានប្រធានាធិបតីទី ៤៥ឲ្យដឹងថា “យើងមានទំនុកចិត្តខ្ពស់ណាស់ថាយើងនឹងមានវ៉ាក់ស៊ាំងនៅចុងឆ្នាំនេះ ហើយយើងកំពុងតែខំប្រឹងប្រែងយ៉ាងខ្លាំង។” លោកត្រាំបានបន្ថែមថា ក្រុមហ៊ុនជាច្រើនដូចជា Johnson & Johnson ដែលជាក្រុមហ៊ុនមួយក្នុងចំណោម ៧០ទូទាំងពិភពលោក កំពុងតែធ្វើការអភិវឌ្ឍវ៉ាក់ស៊ាំងកូរ៉ូណាវីរុស ហើយជិតឈានដល់ការបញ្ចេញជាសាធារណហើយ។
ផ្ទុយពីការអះអាងរបស់ប្រធានាធិបតីខាងលើ អ្នកជំនាញផ្នែកសុខភាពបានលើកឡើងស្រឡះពីនេះថា ការអភិវឌ្ឍវ៉ាក់ស៊ាំងនឹងអាចចំណាយពេលចាប់ពី ១២-១៨ខែឯណោះ។ យោងតាមវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លង បានឲ្យដឹងកាលពីខែមីនាថា “ដំណើរការអភិវឌ្ឍវ៉ាក់ស៊ាំងទាំងស្រុង នឹងត្រូវចំណាយពេល ១ឆ្នាំ ឬមួយឆ្នាំកន្លះយ៉ាងហោច។”
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វីរុសកូវីដ១៩ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំមុនក្នុងប្រទេសចិន បានឆក់យកជីវិតមនុស្សសរុប ២៤៨ ៣៤៧នាក់ និងឆ្លងសរុប ៣ ៥៦៨ ២១៧នាក់ទូទាំងពិភពលោក៕