កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានបាញ់ប្រហារគ្នាមួយប្រាវនៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសទាំងពីរ កាលពីថ្ងៃអាទិត្យកន្លងទៅ។
យោធាក្រុងសេអ៊ូល បាននិយាយកូរ៉េខាងជើង បានបាញ់ប្រហារមុនទៅលើប៉ុស្តិ៍យាមមួយនៅព្រំដែននៃទីក្រុង Cheorwon ។ ភ្លាមៗយោធាក្រុងសេអ៊ូល បានបាញ់តបវិញ ហើយបានចេញសេចក្តីប្រកាសព្រមាន។ ឧប្បត្តិហេតុប៉ះទង្គិចគ្នានៅព្រំដែនដែលមានកម្លាំងការពារខ្លាំងបំផុតនៅលើពិភពលោកនេះ គឺកម្រកើតមានណាស់។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាការបាញ់ប្រហារពីកូរ៉េខាងជើងត្រូវបានគេជឿថាជា “ការចៃដន្យប៉ុណ្ណោះ”។
ជាមួយគ្នានេះដែរទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សំដីមន្ត្រីរដ្ឋាភិបាលម្នាក់ដែលនិយាយថាការបាញ់ប្រហារនេះទំនងជាមិនមានចេតនានោះទេ។ មិនមានរបាយការណ៍ណាមួយ បង្ហាញថាមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះទេ។ មន្ត្រីយោធានៅភាគខាងត្បូង និយាយថាគ្មានសញ្ញានៃចល័តកងទ័ពខុសប្រក្រតីរបស់កូរ៉េខាងជើងទេ។
គួរឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនកូរ៉េនេះ កើតឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបង្ហាញមុខវិញជាលើកដំបូងបង្អស់កាលពីថ្ងៃសោរ៍ ក្រោយបាត់មុខពីសាធារណជិត ៣សប្ដាហ៍ដែលបណ្ដាលឲ្យមានពាក្យចចាមអារាមពីការស្លាប់របស់លោក៕