ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្ញើសាររំលែកទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លើហ្វេសប៊ុកផេក ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរថា “យើងខ្ញុំមានអារម្មណ៍ក្ដុកក្ដួលឈឺចាប់ជាខ្លាំង ពេលទទួលដំណឹងមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន។ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រកាន់ខ្ជាប់ក្នុងសេចក្ដីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជា ចំពោះព្រះពុទ្ធសាសនា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ាបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។
សូមអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕ ដោយ៖ ប៊ុនធឿន