ក្រោយការបិទប្រទេសមក ធ្វើឲ្យប្រជាពលរដ្ឋថៃ ប្រឈមនឹងការលំបាក ទើបថ្នាក់ដឹកនាំថៃ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យជួយគ្នាទៅវិញទៅមក ក្នុងកាល:ទេស:ដ៏លំបាកនេះ។
លោក Nipon Bunyamanee អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃថៃ បានចំណាយពេលទៅកាន់វត្ដ Wat Sai Ngam ស្ថិតក្នុងខេត្ដសុងក្លា ដោយបានលើកទឹកចិត្ដដល់អាជ្ញាធរ មន្រ្ដីរដ្ឋាភិបាល អ្នកស្ម័គ្រចិត្ដ និងព្រះសង្ឃ ឲ្យជួយដល់អ្នករងគ្រោះ ដោយកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងតំបន់។ លោកអនុរដ្ឋមន្រ្ដីក៏បានប្រគេនអំណោយ និងសាច់មាន់ដល់ព្រះសង្ឃ សម្រាប់ចម្អិនអាហារចែកជូនដល់ប្រជាជនដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត និងការបិទប្រទេស។
លោកអនុរដ្ឋមន្រ្ដី បានបញ្ជាក់ថា ទាំងអាជ្ញាធរ និងព្រះសង្ឃ ក៏មានការព្រួយបារម្ភពដល់ប្រជាពលរដ្ឋ អំពីការប្រឈមមុខនឹងការលំបាកខាងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។ លោកអនុរដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តឲ្យពលរដ្ឋជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ។
លោកនាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីពេលកន្លងទៅថ្មីនេះ ក៏បានអំពាវនាឲ្យពលរដ្ឋអត់ធ្មត់បន្ដិច។ លោកបានយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស អ្នកមានចំណូលទាប និងប្រកបរបរក្រៅប្រព័ន្ធ ដោយលោកជំរុញឲ្យមានការដោះស្រាយបញ្ហានេះផងដែរ៕ ប្រែសម្រួលដោយNuon