ក្រោយរងផលប៉ះពាល់ខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ដោយសារតែកូវីដ១៩នោះមក ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋរបស់ឥណ្ឌូនេស៊ី (PLN) បានផ្គត់ផ្គង់អគ្គិសនីដល់បណ្ដាអាជីវកម្ម និងអ្នកផលិតខ្នាតតូច រយ:ពេល៦ខែ ដោយឥតគិតលុយ។
លោក Zulkifli Zaini ប្រធាន និងជានាយកប្រតិបត្ដិក្រុមហ៊ុន PLN បានថ្លែង កាលពីថ្ងៃទី១ ខែឧសភា ថា ក្រុមហ៊ុននឹងផ្គត់ផ្គង់អគ្គិសនីដល់បណ្ដាអាជីវកម្ម និងអ្នកផលិតខ្នាតតូច រយ:ពេល៦ខែ ដោយឥតគិតលុយ។ ក្រុមហ៊ុនបានចាប់ប្រមូលទិន្នន័យ អំពីអតិថិជន ដែលទទួល បានសិទ្ធិជួយទ្រទ្រង់នេះ ប្រហែល៥សែន។
រដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីខែមុន បានលើកលែងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ត្រឹម ៤៥០VA ក្នុង១ខែ ចំនួន២៤លាននាក់ ហើយបញ្ចុះតម្លៃ៥០ភាគរយដល់ប្រើប្រាស់ ក្នុង១ខែ ៩០០VA ចំនួន៧លាននាក់។
នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល កាលពីចុងខែមេសា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសពីគម្រោងផ្សេងៗ ដើម្បីធ្វើឲ្យប្រាកដថា សហគ្រាសធុនតូច និង មធ្យម អាចនឹងរីករាយជាមួយនឹងកញ្ចប់សង្រ្គោះរបស់រដ្ឋាភិបាល រួមទាំង ការមិនគិតលុយថ្លៃភ្លើងអគ្គិសនី …ជាដើម។ នៅដើមខែនេះ ឥណ្ឌូនេស៊ី ក៏បានប្រកាសបន្ថែមនូវថវិកា រហូតដល់ទៅ ២៤,៨ពាន់លាន សម្រាប់ដោះស្រាយផលប៉ះពាល់ពីកូវីដ១៩ ផងដែរ។
បើគិតត្រឹមរសៀល ថ្ងៃទី៤ ខែឧសភា ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន១១ ១៩២នាក់ ក្នុងនោះស្លាប់៨៤៥នាក់ និងជាសះ ស្បើយ ១៨៧៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ៕ ប្រែសម្រួល ដោយ Nuon