បច្ចុប្បន្ន អូស្ត្រាលី មាននិស្សិតបរទេស មកសិក្សានៅក្នុងប្រទេសនេះ រហូតដល់ទៅជាង ៦៥០ ពាន់នាក់ ក្នុងនោះមានប្រមាណ ជាង៣០០ពាន់នាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកូវីដ១៩ ទទួលបានការផ្តល់ជំនួយ ពីបណ្តាមហាវិទ្យាល័យនានា ក្នុងប្រទេសនេះ។
សារព័ត៌មានអូស្ត្រាលី បានផ្សាយថា ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលី បានជួយដល់សេដ្ឋកិច្ចប្រទេសនេះ រហូតដល់ទៅ ៤០ពាន់លានដុល្លារអូស្ត្រាលី ក្នុងមួយឆ្នាំៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកូវីដ១៩ ។ដូច្នេះមហាវិទ្យាល័យជាច្រើន ក្នុងប្រទេសអូស្ត្រាលី មានវិធានការជួយដល់ក្រុមនិស្សិតដែលរងផលប៉ះពាល់។
មហាវិទ្យាល័យ Griffith បានចំណាយប្រាក់១៥លានអូស្ត្រាលី ជួយដល់និស្សិតបរទេសកាត់បន្ថយផលប៉ះពាល់។ ជាមួយគ្នានេះ ថ្លៃសាលា ក្នុងឆមាសទី២ ដែលចាប់ផ្តើមនៅខែកក្កដាឆ្នាំ២០២០ នឹងត្រូវ បញ្ចុះ២០ភាគរយផងដែរដល់និស្សិតបរទេស។
សាស្ត្រាចារ្យCarolyn Evans នាយករងមហាវិទ្យាល័យ Griffith បានឲ្យដឹងថា និស្សិតបរទេសរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែប្អូនៗ មិនបានទៅធ្វើការក្រៅម៉ោង រកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅឡើយ។ ចំណែកគ្រួសារ ក៏កំពុងរងផលប៉ះពាល់ ដោយសារកូវីដ១៩ដូចគ្នា៕ ប្រែសម្រួលដោយ៖ MEO