ភ្នំពេញ៖ ការរឹតបន្តឹង និងការផ្អាកការធ្វើដំណើរមកពីប្រទេសចំនួន ៦ រួមមាន ប្រទេសអ៉ីតាលី អេស្ប៉ាញ អាមេរិក អាល្លឺម៉ង់ បារាំង និងអ៉ីរ៉ង់ ត្រូវបានពន្យារពេល និងបន្តធ្វើរហូតដល់ស្ថានភាពរាតត្បាតជំងឺកូវីដ១៩ មានការធូរស្រាល ដោយមានការវាយតម្លៃរួមរវាងក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក។ នេះបើតាម លទ្ធផលសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ។
ទោះជាមិនមានករណីឆ្លងថ្មី ហើយអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ២នាក់ក៏ដោយ ក្រសួងសុខាភិបាលស្នើសុំ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះផ្លាស់ប្តូរឥរិយាបទ និងទម្លាប់របស់ខ្លួន ដោយនៅចំពោះមុខការរាតត្បាតនេះ យើងត្រូវខិតខំប្រឹងប្រែងរៀបចំ ការរស់នៅតាមគន្លងថ្មី នៃជីវភាពធម្មតារបស់ខ្លួន ដើម្បីចៀសវាងការចម្លងរោគ។
ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬជែលលាងសម្អាតដៃ ឲ្យបានញឹកញាប់ ប្រើម៉ាស់ ក្នុងករណីចាំបាច់ ឬក្រម៉ា កន្សែងខ្ទប់មាត់ និងច្រមុះ នៅពេលក្អកកណ្តាស់ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ បរិភោគអាហារឆ្អិនល្អ ចៀសវាងទៅកន្លែងប្រមូលផ្តុំគ្នាច្រើន រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឲ្យបានខ្ជាប់ខ្ជួន បើមានករណីសង្ស័យ ត្រូវរាយការណ៍ តាមរយៈលេខ ១១៥ ជាបន្ទាន់ ៕ ដោយ៖ ប៊ុនធឿន