រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានប្រកាសថា កាលពីថ្ងៃទី៣ ខែឧសភា មានការលុកលុយពីក្រុមទាហានស៊ីឈ្នួលជាឃាតក ប៉ុនប៉ងចូលមកប្រទេសនេះ តាមទូកអូប័រពីប្រទេសជិតខាងកូឡុំប៊ី ហើយកងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់ក្រុមទាំងអស់នោះ សរុប៨នាក់ ។ ប៉ុន្ដែទោះជាយ៉ាងណា កូឡុំប៊ីបានច្រានចោលការចោទប្រកាន់ទាំងនេះ។
ប្រធានាធិបតី Nicolas Maduro ជានិច្ចកាលចោទប្រកាន់ដៃគូប្រឆាំងនយោបាយថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់គាត់ ហើយថា ការប៉ុនប៉ង់ផ្តួលរំលំនោះ មានការគាំទ្រពីសហរដ្ឋអាមេរិក ។ មេដឹកនាំរូបនេះបញ្ជាក់ថា អាមេរិកបានប្តេជ្ញាក្នុងការបង្ខំបណ្តេញរូបលោកចេញពីប្រមុខរដ្ឋាភិបាល តាមរយៈដាក់ទណ្ឌកម្មដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរការនាំចេញប្រេងរបស់ប្រទេសដែលជាសមាជិកអង្គការ OPEC មួយនេះ ។
ក្រុមអ្នករិះគន់និយាយថា គណបក្សសង្គមនិយមដែលកំពុងកាន់អំណាច តែងតែប្រើប្រាស់លេសបែបនេះ ដើម្បីដាក់ទោសទណ្ឌ ឬចាប់ឃុំខ្លួនក្រុមប្រឆាំងរដ្ឋាភិបាល ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Nestor Reverol ថ្លែងការណ៍នៅលើបណ្តាញទូរទស្សន៍ថា ក្រុមទាំងនោះបានចូលទឹកដីវេណេហ្ស៊ុយអេឡា កាលពីព្រឹក ថ្ងៃទី៣ ខែឧសភា តាមឈូងសមុទ្រ La Guaira ចម្ងាយប្រហែល៣២គីឡូម៉ែត្រពីរដ្ឋធានី Caracas ។
លោកថា «ពួកគេព្យាយាមឈ្លានពានមួយតាមដែនសមុទ្រ។ ក្រុមនេះជាក្រុមទាហានស៊ីឈ្នួលធ្វើភេរវកម្ម មកពីកូឡុំប៊ី ក្នុងគោលដៅវាយប្រហារភេរវកម្មនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា និងការធ្វើឃាតមេដឹកនាំនៃរដ្ឋាភិបាលបដិវត្តន៍»។
បណ្តាញផ្សាយព័ត៌មាន Cabello ផ្សាយថា មេដឹកនាំគណបក្សសង្គមនិយម Diosdado Cabello បានថ្លែងថា ៨នាក់ត្រូវបានសម្លាប់ និង២នាក់ចាប់ឃុំខ្លួន ។ «យើងបានធ្វើឲ្យអសកម្មដល់ការលុកលុយចូលទឹកដីរបស់យើង, អរគុណចំពោះកិច្ចការងារចារកម្ម»។
ប្រធានាធិបតី Maduro ដឹកនាំប្រទេសស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ ចរយៈពេល៦ឆ្នាំ ធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជន ដែលថា មិនទទួលបានរបបអាហារ និងថ្នាំសង្កូវជាមូលដ្ឋាន ។ ស្ថានភាពនោះបានបង្ខំឲ្យមនុស្សប្រហែល៥លាននាក់ភៀសខ្លួនធ្វើចំណាកស្រុក ។
សហរដ្ឋអាមេរិក ក៏ដូចបណ្តាប្រទេសជាង៥០ផ្សេងទៀត មិនគាំទ្រឲ្យលោក Maduro ដឹកនាំវេណេហ្ស៊ុយអេឡាទៀតនោះទេ ក្រោយការបោះឆ្នោតប្រកបដោយជម្លោះកាលពីឆ្នាំ២០១៨ ។ ប្រទេសទាំងនេះ បានគាំទ្រមេដឹកនាំប្រឆាំងគឺលោក Juan Guaido ដែលជាប្រធានរដ្ឋសភានោះ ឲ្យធ្វើជាមេដឹកនាំវេណេហ្ស៊ុយអេឡាបណ្តោះអាសន្នវិញ ។
ប៉ុន្តែលោក Maduro នៅតែក្រាញននៀលនឹងអំណាច ដោយមានកងកម្លាំងប្រដាប់អាវុធជួយគាំទ្រ ក៏ដូចប្រទេសមួយចំនួនតូច រួមមាន ចិន និងរុស្ស៊ី ដែលជាប្រទេសរងនូវទណ្ឌកម្មធ្ងន់ធ្ងរពីអាមេរិកផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat