ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ចុះតម្លៃមកត្រឹម ២.២៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ២.១៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២០ នឹងត្រូវលក់ ២.៤១១រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៣២៤រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ជាមួយគ្នានេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាញប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះថ្ងៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នឹងចុះមក ២.២៥០រៀលក្នុងមួយលីត្រ សម្រាប់សាំង EA92 និង ២.១៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ ដោយ៖ តារា