រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា កូវីដ១៩លេចចេញពីមន្ទីរពិសោធន៍ នៅវូហាន។ លោកបន្តទៀតថា អាមេរិកមានភស្តុតាងបញ្ជាក់ ថា កូវីដ១៩ ពិតជាចេញពីវូហានពិតមែន។
បណ្តាញព័ត៌មាន ABC នៅថ្ងៃទី៣ ខែឧសភា បានដកស្រង់សម្តីលោក Mike Pompeo បានបញ្ជាក់ថា ចិនមានប្រវត្តិ ឆ្លងវីរុសចេញពីបន្ទប់ពិសោធន៍ដែលខ្វះគុណភាព ។ លោកបន្តទៀតថា នេះមិនមែនជាលើកទីមួយឡើយ ដែលពិភពលោកប្រឈមនឹងការឆ្លងវីរុស ពីការបែកធ្លាយ នៅមន្ទីរពិសោធន៍របស់ចិន។
លោក Pompeo បញ្ជាក់ថា អាមេរិក មានភស្តុតាងគ្រប់គ្រាន់ថា វីរុសកូវីដ១៩ ចាប់ផ្តើមចេញពី មន្ទីរពិសោធន៍វូហានរបស់ចិន។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតពីបញ្ហាខាងលើនេះឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានចោទប្រកាន់ចិន ថាបានបិទបាំងព័ត៌មាន ហើយប្រើប្រាស់អង្គការសុខភាពពិភពលោក WHO ធ្វើជាឧបករណ៍សម្រាប់សម្រេចគោលដៅរបស់ខ្លួន។
ប៉ុន្តែកន្លងមក អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុសកូវីដ១៩មិនមែនបែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិននោះឡើយ គឺជាការកើតចេញពិធម្មជាតិរបស់វា។ ចំណែកភាគីចិនវិញ បានចោទប្រកាន់អាមេរិក ថា ប៉ុនប៉ងទម្លាក់កំហុសមកឲ្យចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវដល់អាមេរិក ឲ្យបញ្ឈប់សកម្មភាពយកបញ្ហាកូវីដ១៩ មកជារឿងនយោបាយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ចិនក៏ជាជនរងគ្រោះ ក្នុងករណីខាងលើនេះដែរ៕ ប្រែសម្រួលដោយ៖MEO