សហរដ្ឋអាមេរិក ត្រូវបានប្រភពព័ត៌មានផ្សព្វផ្សាយថា បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ហើយនិងកងកម្លាំងទាហានរាប់រយនាក់ទៅកាន់ដែនកោះ Guam ។
តាមការចេញផ្សាយរបស់ប្រភព Sputnik កាលពីថ្ងៃទី៣ ខែឧសភា បញ្ជាក់ថា ការដាក់ពង្រាយកងទ័ព និងគ្រឿងសឹកនេះ ក៏ដើម្បីប្រឆាំងនឹងចិន ។
ប្រភពបន្តថា កងកម្លាំងជើងអាកាសប៉ាស៊ីហ្វិកអាមេរិក ហៅកាត់ថា PACAF បានបញ្ជាក់ថា កងកម្លាំងជើងអាកាសអាមេរិកបានផ្ទេរយន្តហោះទម្លាក់គ្រាប់បែក៤គ្រឿង ធុន B-1B Lancer និងកម្លាំងជើងអាកាសប្រហែល២០០នាក់ ពីមូលដ្ឋានក្នុងរដ្ឋតិចសាស់ ទៅកាន់មូលដ្ឋានជើងអាកាស Andersen នៅលើដែនកោះ Guam ។
ការដាក់ពង្រាយនេះ ត្រូវបានចាត់ទុកថា ជាការដាក់ពង្រាយបណ្តោះអាសន្ន ហើយវាបានកើតឡើង ចំពេលកំពុងមានភាពតានតឹងខ្លាំងរវាងអាមេរិក និងចិន នៅជុំវិញដែនសមុទ្រចិនភាគខាងត្បូង ។
សប្តាហ៍មុននេះ ចិនបានធ្វើសកម្មភាពបណ្តេញនាវាពិឃាតបំពាក់ដោយកាំជ្រួចនាំផ្លូវអាមេរិក USS Barry មួយគ្រឿង ចេញពីដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាចម្បាំងនេះបានបង្ហាញខ្លួន នៅលើដែនទឹកដែលកំពុងមានជម្លោះ រវាងចិន និងវៀតណាម ។
គួរបញ្ជាក់ថា ការដាក់ពង្រាយនេះ មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ច្បាស់លាស់ទេ ថារយៈពេលវែងប៉ុន្មាន ចំពោះយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់មានវត្តមាន នៅលើដែនកោះ Guam នោះ។ យន្តហោះ B-1B Lancer ពីដើមរៀងមក ស្ថិតនៅតែក្នុងមូលដ្ឋានជើងអាកាស Dyess Air Force ក្នុងរដ្ឋ Texas ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួន៥គ្រឿងចេញពីមូលដ្ឋានយោធាជើងអាកាស នៅលើដែនកោះ Guam ឲ្យទៅកាន់ដែនដីគោកអាមេរិកវិញ ៕ ប្រែសម្រួលដោយ៖ thach yat