តារាចម្រៀង Original Song លោក ជីដេវីត និងកញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញតារាប្រុសរូបនេះបានទិញគ្រឿងពេជ្រមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកជូនគូស្នេហ៍របស់ខ្លួនគ្មានស្ទាក់ស្ទើរចិត្តបន្តិចសោះឡើយ។
កាលពីម្សិលមិញថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០កញ្ញា ទេព បូព្រឹក្ស បានថតស្ប៉តគ្រឿងពេជ្រមួយឈុតឲ្យហាងល្បីឈ្មោះមួយ ដែលមានតម្លៃថ្លៃកប់ពពក។ ជាមួយគ្នានោះដែរតារាស្រីរូបនេះបានបង្ហោះសារទៅកាន់ អនាគតប្តីបណ្តូលចិត្តថា “ថតផ្សាយហើយមានអារម្មណ៍ស្រលាញ់ឈុតនេះចឹង មានតែ G-Devith អាចជួយខ្ញុំបាន”។
ជាក់ស្តែងគ្រាន់តែ ទេព បូព្រឹក្ស បង្ហោះសារស្រលាញ់គ្រឿងពេជ្រមួយឈុតនេះមិនទាន់បានមួយថ្ងៃផង ជីដេវីត មិនបង្អង់យូរទិញជូនអនាគតភរិយាភ្លែត ដែលក្នុងនោះចិញ្ចៀនមានតម្លៃ ៤,១៥០ដុល្លារ ក្រវិល ១៣,៧០០ដុល្លារ ខ្សែក ៥៣,៤៩៥ដុល្លារ កងដៃ ១៦,៩០០ដុល្លារ សរុបចំនួនទឹកប្រាក់ទាំងអស់មានតម្លៃរហូតដល់ ៨៨,២៤៥ដុល្លារអាមេរិក (88,245$)។
ក្រោយពីទទួលបានកាដូជាទីគាប់ចិត្ត ទេព បូព្រឹក្ស ក៏បានបង្ហាញអារម្មណ៍រំភើបថា “សប្បាយចិត្តចង់ហោះអរគុណសំរាប់កាដូពេជ្រមួយឈុតនេះ អនាគតលោកប្តីគ្រាន់តែស៊ែលេងតើ ទិញមកដល់ភ្លាមមិនទាន់បាន១ថ្ងៃផងបង” ៕
អត្ថបទដោយ៖ លក្ខិណា