ទីបំផុតលោកអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានធ្វើការសុំទោសជាសាធារណៈទៅលើករណីចាប់វាយ និងវៃខ្នោះ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណជន ពាក់ព័ន្ធគេហទំព័រសារព័ត៌មាន CPNTV Online ដែលបានចុះទៅឡាយព័ត៌មានពាក់ព័ន្ធនឹងករណីលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ទៅលើករណីគ្មានលុយបង់ផាកពិន័យចំនួន ១៨០.០០០រៀល ក៏ចាប់វាយ នៃវៃខ្នោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើឱ្យប្រជាពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ។
បច្ចុប្បន្នភាគីទាំងពីរនាក់បានធ្វើការសម្របសម្រួលគ្នារួចហើយ ដោយលោកវរសេនីយ៍ទោ សួគ៌ ធី បានធ្វើការសុំទោសដល់អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក និងបងប្អូនប្រជាពលរដ្ឋជាសាធារណៈ។
គួរបញ្ជាក់ឡើងវិញថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នេះលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាឱ្យកូន ០២នាក់ ចាយវាយ និងវៃខ្នោះទៅលើអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ព្រោះតែគ្មានលុយបង់ផាកពិន័យ៕ ដោយ ៖ សុង យូ