ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថា កំពុងដាក់ការចាប់អារម្មណ៍នាំយកខ្សែការពារ Ibrahima Konate ពីក្រុម RB Leipzig នៅរដូវក្តៅខាងមុខ បើទោះបីជាកីឡាកររូបនេះធ្លាប់មានបញ្ហារបួសរុាំរ៉ៃក៏ដោយ។
ខ្សែការពារសញ្ជាតិបារាំងរូបនេះ ធ្លាប់មានបញ្ហារបួសជាច្រើនដងក្នុងអំឡុងពេលលេងឱ្យក្រុម Leipzig ក្រោយផ្ទេរមកពីក្រុម Sochaux កាលពីឆ្នាំ២០១៧។ សម្រាប់រដូវកាលនេះ Konate មានឱកាសបង្ហាញខ្លួនបានតែ ៥ ប្រកួតប៉ុណ្ណោះ ក្រោយជាពីរបួស ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍របស់លោក Ole Gunnar Solskjaer តែម្តង។
យោងតាមភ្នាក់ងាររបស់ខ្សែការពាររូបនេះបានឱ្យដឹងថា ក្លិប Man Utd កំពុងដាក់សំណើទិញ Konate នៅរដូវក្តៅនេះ ដើម្បីមកពង្រឹងតំបន់ការពារកណ្តាលបន្ថែម ក្រោយបច្ចុប្បន្នក្លិបមាន Harry Maguire និង Victor Lindelof ជាខ្សែការពារគោល។
ក្រោមការដឹកនាំរបស់លោក Solskjaer ក្លិប Man Utd បានទិញចូលខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ Bruno Fernandes ក្នុងតម្លៃ ៥៥ លានផោនអឺរ៉ូ កាលពីខែមករា កន្លងទៅដែលមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ លោក Solskjaer កំពុងសម្លឹងឃើញកម្លាំងសំខាន់ Konate សម្រាប់នាំចូលក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកទ្វារខាងមុខ ខណៈពេលដែលខ្សែបម្រើប្រយុទ្ធ Jadon Sancho ជាបេក្ខភាពនាំមុខគេក្នុងការទិញចូលផងដែរ៕
កែសម្រួលដោយ៖ភារ៉ា
ប្រភព៖The Sun