Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកល្មើសច្បាប់ភាគច្រើន សុទ្ធតែបានដឹងពីសេចក្តីប្រកាស រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកទូទាំង​ប្រទេស បានចាប់​ផ្តើម​ប្រើវិធានការផាកពិន័យ និងឃាត់យានយន្តទុកបណ្តោះអាសន្ន នៅតំបន់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឱ្យម្ចាស់ចូលខ្លួនមកទទួលការអប់រំ ពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៅតាមបណ្តាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ។

អ្នកល្មើសច្បាប់មួយចំនួនធំ បានដឹងពីការចាប់ផ្តើម នៃយុទ្ធនាការរឹបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការនគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ ប៉ុន្តែពួកគេនៅតែបន្តប្រព្រឹត្តខុសពីច្បាប់ដែលបានចែង។

បើតាមលោកវរសេនីយ៍ទោ ហឿង វឿន អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ខណ្ឌសែន សុខ បានឱ្យដឹងថា ចំពោះអ្នកដែលបានដឹងហើយថា និងមានការព្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ ប៉ុន្តែនៅតែប្រព្រឹត្តខុសទៀត សមត្ថកិច្ចយើងអាចធ្វើបានត្រឹមតែហៅមកអប់រំ ផាកពិន័យគុណនឹង៥ដង ព្រមទាំងឱ្យពួកគេធ្វើបែបបទដោះស្រាយបន្តនៅសាលាខណ្ឌសែនសុខ ដើម្បីទទួលបានយានយន្តរបស់ពួកគេមកវិញ ។

លោកបញ្ជាក់ថា៖«ការរឹតបណ្តឹងនេះ និងដាក់ចល័តតាមគោលដៅ ដូច្នេះបើមិនគោរពច្បាប់ចរាចរណ៍ទេ អ្នកដំណើរច្បាស់ជាទទួលការពិន័យជាមិនខាន។ កន្លងមកនេះដោយសារតែមិនមានការរឹតបណ្តឹងខ្លាំង ទើបធ្វើឱ្យអ្នកដំណើរមិនសូវមានការភ័យខ្លាច ប៉ុន្តែមកដល់ពេលនេះ​ ការរឹតបណ្តឹងខ្លាំងជាងមុន ទើបធ្វើឱ្យអ្នកចូលរួមគោរពច្បាប់ចរាចរណ៍ មានការកើនឡើង»។

កាលពីសប្តាហ៍មុន នៃចុងខែមេសា អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាសជាផ្លូវការមួយ ស្តីពីការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាសាធារណៈ។ គ្រប់បណ្តាញព័ត៌មានទាំងអស់ ទាំងទូរទស្សន៍ គេហទំព័រហ្វេសប៊ុក និងសារព័ត៌មានតាមonline ក៏បានធ្វើការផ្សព្វផ្សាយពីករណីជាហូរហែ។

រហូតមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកជាលើកដំបូង សមត្ថកិច្ចបានរកឃើញ ករណីល្មើសច្បាប់ចរាចរណ៍ គឺត្រូវបានកើនឡើងប្រហែល១៣២២គ្រឿង ដោយក្នុងនោះម៉ូតូមានចំនួន ១១៧៤ គ្រឿង និងរថយន្តចំនួន១៤៨ គ្រឿង។

ភាគច្រើននៃអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺពួកគេស្ម័គ្រចិត្តទទួលការផាកពិន័យ ពីមន្ត្រីសមត្ថកិច្ច ទាំងដឹងថា ខ្លួនពិតជាបានប្រព្រឹត្តខុសពីច្បាប់កំណត់ពិតមែន។

បើតាមយុវតី វឿន គឹមរ៉ុង អាយុ២១ឆ្នាំ​ រស់នៅទីក្រុងភ្នំពេញ បានឱ្យដឹងថា កាលពីម្សិលមិញយុវតី បានដឹងថានឹងមានការរឹតបណ្តឹងច្បាប់ចរាចរណ៍ ប៉ុន្តែគឹម រ៉ុងមិនដឹងថា គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នេះ នឹងត្រូវធ្វើនៅកន្លែងណាខ្លះនោះទេ។ គឹម រ៉ុង និយាយទាំងទឹកមុខក្រៀមក្រំថា៖« ខ្ញុំអត់ពាក់មួក ប៉ូលីសផាកខ្ញុំអស់៦ម៉ឺនរៀល»។

ដោយឡែកយុវជនវ័យក្មេងម្នាក់ទៀតសោម សិលា អាយុ២០ឆ្នាំ បានប្រាប់ដែរថា យុវជនត្រូវបានសមត្ថកិច្ចឃាត់ម៉ូតូទុកមិនឱ្យទៅមុខ។ មូលហេតុដែលសមត្ថកិច្ចឃាត់ម៉ូតូទុក គឺដោយសារតែគាត់ខុសបច្ចេកទេសកែច្នៃកញ្ចក់ដាក់ដៃចង្កូត។

សិលាបានបញ្ជាក់ដោយទឹកមុខរីករាយថា៖«វាជាស្តាយបែបយុវវ័យ ខ្ញុំស្រឡាញ់បែបហ្នឹង ទើបកែច្នៃវា តែខុសបច្ចេកទេស ទើបប៉ូលីសហៅ»។

ដោយឡែកយុវជនម្នាក់ទៀត ណង លីហ្សា ដែលមានវ័យ១៩ឆ្នាំបានលើកឡើងថា ម៉ូតូរបស់គាត់អត់មានកញ្ចក់ ទើបប៉ូលីសផាក៦ម៉ឺនរៀល។ 

យុវជនបញ្ចេញទឹកមុខទាំងសោកស្តាយថា៖«វាស្តាយដែរលុយហ្នឹង ប៉ុន្តែគេធ្វើទៅតាមច្បាប់ ដូច្នេះត្រូវតែគោរពច្បាប់»។

សូមបញ្ជាក់ថា មុនឈានដល់ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងមួយ ដោយកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកនាឆ្នាំ២០២០កន្លងមក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជម្រុញការរឹតបណ្តឹង ការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ ថយចុះចំនួន២៥០លើក ស្មើ១៤% ចំនួនអ្នកស្លាប់ថយចុះ២០នាក់ ស្មើ៤% និងចំនួនអ្នករបួសថយចុះ២៧៧នាក់ស្មើ១៧% បើប្រៀបធៀបត្រីមាសទី១ឆ្នាំ២០១៩។

ជាមួយគ្នានេះ នៅថ្ងៃទី១ ខែឧសភា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងអនុវត្តការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យ ក្នុងចំនួនពី៣ទៅ៥ដង៕ ដោយ៖ ឃួន​ លក្ខិណា

from: https://tnaot.com/km/m/detail/article/9189110