ការដាក់បម្រាមលើការលក់ស្រា និងការប្រមូលផ្ដុំគ្នាផឹក រហូតត្រូវផ្ដន្ទាទោស និងផាកពិន័យទៅលើអ្នកល្មើស ដើម្បីទប់ស្កាត់ នូវការឆ្លង កូវីដ១៩ មួយរយ:នោះមក តែចាប់ពីថ្ងៃអាទិត្យ ទី៣ ខែឧសភា អាជ្ញាធរបានអនុញ្ញាតឲ្យមានការលក់ និងទិញស្រាមកផឹកវិញហើយ។
យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ថា ការលក់ស្រានឹងត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃអាទិត្យតទៅ។ ប្រជាពលរដ្ឋអាចទិញស្រាទៅផឹកនៅក្នុងផ្ទះរបស់ពួកគេបាន តែពួកគេក៏នៅតែមិនអាចទៅផឹកស្រា នៅតាមភោជនីយដ្ឋាននានាបានឡើយ បើទោះជាហាងជាច្រើនបានចាប់ផ្ដើមបើកជាថ្មីឡើងវិញក្ដី។ នេះបើតាមរដ្ឋាភិបាលបញ្ជាក់ កាលពីថ្ងៃទី១ ខែឧសភា។
ទោះជាយ៉ាងណា បម្រាមលើសុរានេះនឹងនៅតែមានប្រសិទ្ធភាព រហូតដល់ថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីមានក្រឹត្យថ្មីបង្កើន ការដាក់ ប្រទេសក្នុងគ្រាអាសន្នប្រឆាំងនឹងកូវីដ១៩ រយ:ពេល១ខែបន្ដទៀត។ នៅតាមភោជនីយដ្ឋាននានា នឹងមិនត្រូវអនុញ្ញាតមានការបម្រើសេវាសុរាឡើយ បើទោះជាមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្ដី។
លោក Somsak Rungsita អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិ បានប្រាប់បណ្ដាញផ្សព្វផ្សាយថា អ្វីដែលជាគោលបំណងដ៏ចម្បងរបស់រដ្ឋាភិបាល គឺមិនចង់ឲ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាផឹកស៊ី ព្រោះវានាំឲ្យមានគ្រោះថ្នាក់ នៃការឆ្លងរាលដាល នៃកូវីដ១៩។ ការលើកលែងបម្រាមលក់ស្រានេះ បានកើតឡើង ក្រោយមានការបន្ធូរបន្ថយវិធានការបិទប្រទេស។
សូមជម្រាបថា បើគិតមកដល់រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២៩៦៦នាក់ ក្នុងនោះស្លាប់៥៤នាក់ និងជាសះស្បើយ២៧៣២នាក់៕ ប្រែសម្រួលដោយ Nuon