លី សូវ៉ាន់៖ ការទទួលស្គាល់គុណភាពមន្ទីរពិសោធន៍កម្ពុជាពី WHO ជាសក្ខីភាពនៃគុណភាពវេជ្ជសាស្រ្តកម្ពុជា
ភ្នំពេញ៖ ការទទួលស្គាល់នូវគុណភាពមន្ទីរពិសោធន៍របស់កម្ពុជា (វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា) ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) គឺបានបង្ហាញពីសក្ខីភាព នៃគុណភាពវេជ្ជសាស្រ្តសុខាភិបាលរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក លី សូវ៉ាន់ បានមានប្រសាសន៍ថា៖ “ការទទួលបានការទទួលស្គាល់ជាផ្លូវការពីសំណាក់អង្គការសុខភាពពិភពលោក ក្នុងការពិសោធន៍រកមេរោគកូវីដ១៩ គឺត្រូវឆ្លងកាត់ការវាយតម្លៃនូវលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវច្បាស់លាស់មួយ ខណៈនៅក្នុងប្រទេសកម្ពុជាយើង គឺមានតែវិទ្យាស្ថានប៉ាស័្ទរកម្ពុជាប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីបានបំពេញនូវលក្ខខណ្ឌបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក”។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានប៉ាស័្ទរកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពិសោធន៍ សម្រាប់ការពិនិត្យមេរោគកូវីដ១៩ ទាំង២៦ នៃប្រទេសចំនួន២២ ដែលជាសមាជិកបណ្តាញមន្ទីរពិសោធន៍បង្អែក នៃអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ តារា