ប្រទេសកម្ពុជា នៅតែទទួលបានការបញ្ជាទិញផ្លែស្វាយស្រស់ ពីបណ្តាប្រទេសផ្សេងៗ បើទោះបីជាស្ថានភាពកូវីដ១៩ បានបន្តអូសបន្លាយ ធ្វើឱ្យសាកលលោកពោរពេញ ទៅដោយភាពស្ងប់ស្ងាត់ នឹងរាំងស្ទះដល់ការធ្វើចររាណ៍វិនិយោគឆ្លងដែនក៏ដោយ។
សម្រាប់ប្រទេសមួយចំនួន នៅតែរក្សាទំនាក់ទំនងវិនិយោគរបស់ខ្លួនជាមួយនឹងកម្ពុជា លើការនាំចេញផលិតផលផ្លែស្វាយស្រស់របស់កម្ពុជា។ ហើយប្រទេសទាំងនោះមាន៖ ប្រទេសកូរ៉េ ថៃ វៀតណាម និងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមគេហទំព័រ account face book របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមប្រភពដដែលនេះបានឱ្យដឹងថា ប្រទេសកូរ៉េ បានទទួលយកតែផ្លែស្វាយស្រស់ តាមរយៈការដាំដុះ ការថែទាំ ប្រមូលផល ការសម្អាតសត្វចង្រៃ និងវេចខ្ទប់តែពីក្រុមហ៊ុនហ៊ីយុនដាយតែមួយគត់ រីឯការដឹកជញ្ជូនចេញ ត្រូវធ្វើតាមយន្តហោះ ដែលមានតម្លៃខ្ពស់ ហើយតិចតួចបំផុត។
ប្រាកដណាស់ ប្រទេសកូរ៉េបាននាំចេញស្វាយពីកម្ពុជាជាផ្លូវការ កាលពីដើមឆ្នាំ២០២០នេះ ប៉ុន្តែស្ថិតក្នុងបរិមាណតិចតួចបំផុត ដោយតម្រូវធ្វើការដឹកជញ្ជូនតាមយន្តហោះ ដែលមួយថ្ងៃដឹកបានចំនួនតែ១តោនទៅ៤តោនប៉ុណ្ណោះ ជួនកាលពុំមានទេ អាស្រ័យលើជើងហោះហើរ ដែលបានហោះមកកម្ពុជា។
ជាមួយគ្នានេះ ការនាំចេញទៅប្រទេសថៃ វៀតណាម បានធ្វើឡើងមិនទៀតទាត់ អាស្រ័យទៅលើគេពេញចិត្ត ឬមិនឱ្យនាំចូល និងម្យ៉ាងមកពីការបញ្ជារទិញពីប្រទេសទី៣ ជាពិសេសប្រទេសចិន។
មិនត្រឹមតែប៉ុណ្ណឹងទេ ការនាំផលិតផលផ្លែស្វាយនាពេលកន្លងមក បានធ្វើឱ្យកម្ពុជាជួបប្រទះបញ្ហាប្រឈមជាច្រើនដែរ ដូចជាបណ្តាប្រទេសមួយចំនួន ដែលធ្លាប់បានបញ្ជារទិញផ្លែស្វាយស្រស់ និងដំណាប់ស្វាយ កន្លងមក តាមរយៈប្រទេសជិតខាងក្តី និងដោយផ្ទាល់ក្តី ត្រូវបានកាត់បន្ថយមកវិញ ដោយមូលហេតុការរីករាលដាលនៃមេរោគកូវីដ១៩ នៅលើពិភពលោក។
ត្បិតកម្ពុជានិងពិភពលោក បានរងគ្រោះដោយសារបញ្ហានេះពិតមែន ប៉ុន្តែប្រទេសកម្ពុជាបានចរចារជាមួយនឹងប្រទេសចិន ឈានដល់ទីបញ្ចប់ហើយ នៅរង់ចាំតែការចុះហត្ថលេខា លើពិធីសារស្តីពីភូតគាមអនាម័យ នៃការនាំចេញនាំចូលផ្លែស្វាយ ទៅប្រទេសចិន។
សូមបញ្ជាក់ថា កន្លងមកនេះ ភាគីទាំងពីរមានការចរចារកំណត់ប្រភេទសត្វចង្រៃ ដោយមានសភាពតឹងតែង ដែលភាគីចិនបានកំណត់ ប៉ុន្តែមកទល់ពេលនេះភាគីគម្ពុជា បានទទួលយកហើយ ហើយកំពុងរង់ចាំចម្លើយពីភាគីចិន លើការកំណត់យកថ្ងៃចុះហត្ថលេខាលើពិធីសារភូតគាមអនាម័យ លើការនាំស្វាយចេញជាផ្លូវការទៅកាន់ប្រទេសចិន។
ដោយឡែកសម្រាប់ការដឹកជញ្ជូនទៅកាន់ពិភពលោក ក៏នៅជួបបញ្ហាប្រឈម ដោយយើងពុំទាន់មានប្រភេទយន្តហោះធំៗ ចុះចតនៅកម្ពុជាពីបណ្តាប្រទេសផ្សេងៗនៅឡើយ ភាគច្រើនបានផ្ញើតាមយន្តហោះតូចៗ ហើយត្រូវផ្ទេរពីមួយទៅមួយ។
ជាវិធានការក្នុងរឿងនេះ ក្រសួងបានទាមទារ ឱ្យមានការចូលរួមពីកសិករ ក្នុងការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ពាក់ព័ន្ធនឹងចំណុចសំខាន់ៗ ក្នុងការរួមសហការជាមួយអ្នកបច្ចេកទេស អនុវត្តវិធីសាស្រ្តដាំដុះស្វាយ ឱ្យស្របតាមស្តង់ដាគុណភាពនិងសុវត្ថិភាព លក្ខខណ្ឌតម្រូវភូតគាមអនាម័យតែប៉ុណ្ណោះ៕ ដោយ៖ ឃួន លក្ខិណា