អំពើហិង្សាបានផ្ទុះឡើង នៅមន្ទីរឃុំឃាំង ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក្រោយពេលមានអ្នកទោសប៉ុនប៉ងរត់ចេញពីគុក។ ក្នុងចំណោមអ្នកស្លាប់១៧នាក់នោះ ក៏មានប៉ូលិសម្នាក់ផងដែរ។
ហេតុការណ៍ខាងលើ បានកើតឡើង នៅថ្ងៃទី១ ខែឧសភា ស្ថិតនៅមន្ទីរឃុំឃាំង Los Llanos រដ្ឋ Portuguesa ប្រទេសវេណេហ្ស៊ុយអេឡា។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងមន្ទីរឃុំឃាំង បានឲ្យដឹងថា អំពើហិង្សាកើតឡើង ដោយសារតែក្រុមអ្នកទោសប៉ុនប៉ងហែកគុក។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានច្បាស់លាស់ អំពីចំនួនជនរងគ្រោះពិតប្រាកដនៅឡើយ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មានអ្នករងរបួស ដល់ទៅជិត៥០នាក់។
មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា អំពើហិង្សាកើតឡើង នៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី ១ខែឧសភា(ពេលវេលាក្នុងតំបន់) ពេលនោះក្រុមអ្នកទោសបានចេញមកដល់ទ្វារធំ នៃមន្ទីរឃុំឃាំង។ ក្នុងពេលនោះ ប្រធានមន្ទីរឃុំឃាំង លោក បានព្យាយាមចរចាជាមួយអ្នកទោស ហើយក៏ត្រូវចាក់ពីក្រោយតែម្តង។
មន្ត្រីគ្រប់គ្រងក្នុងតំបន់មិនបានប្រកាសពីមូលហេតុនោះឡើយ ប៉ុន្តែបើតាមការសន្និដ្ឋាន ក្រុមអ្នកទោសចង់ចេញពីគុក ដោយសារតែខ្លាចឆ្លងកូវីដ១៩ ព្រោះអ្នកទោសច្រើនងាយឆ្លងរោគ៕ ប្រែសម្រួលដោយ៖ MEO