ភ្នំពេញ៖ មានការបែកធ្លាយឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook បណ្ដាលឱ្យពុទ្ធបរិស័ទដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំង។
បញ្ហានេះលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះថា ករណីនេះ គឺបានបញ្ជូនទៅគណៈសង្ឃនាយក ដើម្បីពិនិត្យហើយ។ បើតាមលោក សេង សុមុនី គឺព្រះសង្ឃ ឡុង ចន្ថា ធ្លាប់ត្រូវបានទទួលលលិខិតព្រមានម្តងរួចមកហើយ ពីខាងក្រសួងធម្មការ និងសាសនា ពាក់ព័ន្ធការទេសនា បែរជាជេរបញ្ចោរទៅវិញ។
ទន្ទឹមនឹងនេះ លោក សេង សុមុនី អះអាងថា លោកនឹងជំរុញករណីនេះ ទៅគណៈសង្ឃនាយក ដើម្បីមាននីតិវិធីឱ្យបានឆាប់រហ័សទៅលើព្រះសង្ឃ ឡុង ចន្ថា កុំឱ្យប៉ះពាល់ដល់សាសនាដ៏ល្អប្រពៃ ដែលប្រជាជនទូទាំងប្រទេសគោរពប្រតិបត្ដិ៕ ដោយ៖ ភាព