ភ្នំពេញ៖ ឆ្នាំ ២០២០ ដែលត្រូវចាត់ទុក ជាឆ្នាំសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញនោះ បែរក្លាយទៅសុបិនដ៏អាក្រក់សម្រាប់វិស័យនេះទៅវិញ ពោលចាប់តាំងពីមានការផ្ទុះរាតត្បាតវីរុសកូវីដ ១៩ មក។
វិស័យទេសចរណ៍កម្ពុជា ដែលត្រូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកជាមាសបៃតង និងស្ថិតនៅក្នុងគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល និងត្រូវគេមើលឃើញថា ទទួលបានចំណូលរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទាំងស្ថានប័នរដ្ឋ និងវិស័យឯកជន ចិញ្ចឹមពលរដ្ឋខ្ទង់លាននាក់ ដែលសុទ្ធសឹងទទួលប្រយោជន៍ដោយផ្ទាល់ និងប្រយោលពីវិស័យនេះ។
ជាមួយកំណើនភ្ញៀវទេសចរយ៉ាងគំហុគប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបង្កើនបានតួលេខសរុបជាង ៦,២លាននាក់កាលពីឆ្នាំ ២០១៨ និងប្រមាណជាង ៦,៦លាននាក់ កាលពីឆ្នាំ ២០១៩ ខណៈសម្រាប់ទស្សនវិស័យឆ្នាំ ២០២០ ក្រសួងទេសចរណ៍ ព្យាករថា នឹងកើនឡើងបន្ថែមទៀត លើស ៧លាននាក់។
ប៉ុន្តែក្តីសុបិនរបស់កម្ពុជា ហាក់ប្រែក្លាយជាងងឹតសូន្យ ពោលចាប់តាំងពីដើមត្រីមាសទី១ ឆ្នាំ២០២០ នេះមកម៉្លេះ ក្រោយប្រទេសចិនដែលជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា ធ្លាក់ខ្លួនចូលក្នុងជំងឺរាតត្បាតកូដវីដ ១៩ នឹងបន្តទៅកាន់បណ្តាប្រទេសពាសពេញពិភពលោក។
វិធានការបន្ទាន់របស់អន្តររដ្ឋាភិបាល រាប់បញ្ចូលទាំងបិទប្រទេសផងនោះ ជាកត្តាមួយធ្វើឲ្យវិស័យទេសចរពិភពលោក មានទាំងកម្ពុជាផងនោះ ត្រូវជាប់គាំង ហើយបើតាមអ្នកជំនាញផ្នែកទេសចរណ៍ អះអាងថា ទំហំនៃផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ មកលើវិស័យទេសចរណ៍កម្ពុជា គឺធ្ងន់ធ្ងរខ្លាំង មិនធ្លាប់មាន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយក្រុមព័ត៌មាន TNOAT APP លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា ផលប៉ះពាល់នៅពេលនេះ គឺពិតជាធំ ហើយក្រុមដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺប្រតិបត្តិករទេសចរណ៍ ដែលកម្ពុជាបានកសាងឡើងដោយលំបាកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី បញ្ជាក់ថា “នៅពេលដែលការធ្វើដំណើរត្រូវបានផ្អាក ភ្ញៀវទេសចរ មិនអាចដើរហើរដូចគ្រាមុន គឺជាចំណុចរួមបង្កជាផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។ ប្រតិបត្តិករទេសចរណ៍របស់យើង ពួកគាត់អ្នកជារងគ្រោះខ្លាំងបំផុតពេលនេះ រាប់បញ្ចូលទាំងភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន មគ្គទេសក៍ទេសចរណ៍ និងពលរដ្ឋដែលទទួលផលពីវិស័យនេះ។”
ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍កម្ពុជា ថ្មីៗនេះ ក្រសួងទេសចរណ៍បានប្រមូលទិន្នន័យបឋមពីស្ថានភាពអាជីវកម្មដែលពឹងផ្អែកទាំងស្រុងពីវិស័យនេះ ប្រមាណ ៣០០០កន្លែង បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារមិនមានប្រាក់បង្វិលគ្រប់គ្រាន់ និងបាត់បង់អតិថិជនរបស់ខ្លួនទាំងស្រុង។
ឆ្លើយតបនឹងវិបត្តិនេះ លោកស្រី ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គូសបញ្ជាក់ដែរថា អ្វីចាំបាច់បំផុតនៅពេលនេះ គឺរក្សាប្រតិបត្តិករទេសចរណ៍របស់យើងដែលកសាងដោយលំបាកឲ្យបានល្អ ព្រោះនៅពេលណាដែលពួកគេមិនអាចទ្រាំនឹងស្ថានការណ៍បាន អាចនឹងផ្លាស់ប្តូរអាជីព ហើយចំណុចនេះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់វិធានការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ នៅពេលស្ថានភាពកូវីដ ១៩ បញ្ចប់ទៅ។
ទន្ទឹមនឹងផលប៉ះពាល់លើវិស័យទេសចរណ៍កម្ពុជា អ្នកជំនាញរូបនេះ បញ្ជាក់ថា វាហាក់នៅមានកម្រិតទាបនៅឡើងបើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសថៃ ឬវៀតណាមជាដើម ប៉ុន្តែទោះប៉ះពាល់ក្នុងកម្រិតណាក៏ដោយ យើងត្រូវតែត្រៀមវិធានការទប់ស្កាត់ ដើម្បីធានាថា ក្រោយជំងឺកូវីដ កម្ពុជានឹងអាចស្តារស្ថានភាពបានលឿន។
មួយវិញទៀត ឆ្លើយតបនឹងវិធានការចាំបាច់ធ្វើយ៉ាងណាស្តារវិស័យទេសចរណ៍ឲ្យបានលឿន លោកស្រី ស៊ីវលីន លើកឡើងថា ចំណុចសំខាន់បំផុត ក្រោយស្ថានភាពជំងឺកូរ៉ូណាចប់ទៅ យើងត្រូវជំរុញភ្ញៀវទេសចរណ៍ក្នុងស្រុកឲ្យបានលឿនបំផុត ដើម្បីជួយឲ្យសេវាកម្មទេសចរណ៍នានា អាចបើកដំណើរការឡើងវិញ។
ឆ្លើយតបនឹងការប៉ះពាល់នេះនេះ ក្រសួងទេសចរណ៍នៃប្រជាជាតិជាសមាជិកអាស៊ាន កាលពីពេលថ្មីៗ បានបើកកិច្ចប្រជុំកំពូលតាមរយៈវីដេអូ ដោយផ្តោតសំខាន់លើការដាក់ចេញវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា ស្តារស្ថានភាពទេសចរណ៍នៃប្រជាជាតិជាសមាជិកទាំងអស់ឡើងវិញ។
ក្នុងនោះ អាស៊ាន បានសម្រេចដាក់ចេញវិធានការសរុប ៧ចំណុចធំៗ មានដូចជា៖
១- ជំរុញការសម្របសម្រួលរបស់អាស៊ានក្នុងការពន្លឿន ការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាពទាក់ទងនឹងការធ្វើដំណើរ និងវិធានការចាំបាច់នានា។
២- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទេសចរណ៍អាស៊ាន (NTOs) ជាមួយវិស័យពាក់ព័ន្ធផ្សេងៗទៀត។
៣- បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការ អនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូអាស៊ានផ្សេងៗ។
៤- អនុវត្តនូវវិធានការ និងគោលនយោបាយច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
៥- គាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ។
៦- ជំរុញការអនុវត្តគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព។
៧- បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ។
ជាមួយយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍អាស៊ានទាំង ៧ចំណុច លោកស្រី ស៊ីវលីន បានសាទរ ដោយចាត់ទុកជាផ្នែកសំខាន់សម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា ប៉ុន្តែលោកស្រី នៅតែអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់អំឡុងពេលនេះ ដើម្បីជួយទប់ប្រតិបត្តិករទេសចរណ៍កម្ពុជា ពិសេសការផ្តល់ជាហិរញ្ញប្បទានជាមួយការប្រាក់ទាប ដើម្បីជួយភ្នាក់ងារទាំងនេះ អាចឆ្លងការឧបសគ្គដ៏ពិបាកនៅពេលនេះបាន៕ ដោយ៖ សន សុភា