កាលពីថ្ងៃទី១ ខែឧសភា អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អាមេរិក ថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បានជួយដល់ វេណេហ្ស៊ុយអេឡា ក្នុងវិស័យប្រេង។ អ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាបំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម រវាងវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់។
លោក Elliott Abrams ឧបការីរដ្ឋមន្រ្ដីអាមេរិក ទទួលបន្ទុកពីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា ប្រទេសតំបន់អាមេរិកឡាទីនមួយនេះបានដឹកជញ្ជូនមាសទៅកាន់ប្រទេសអ៊ីរ៉ង់ សងថ្លៃឈ្នួល សម្រាប់ជួសជុលដំណើរការវិស័យឧស្សាហកម្មប្រេងឡើងវិញ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម ជាឯកតោភាគីទៅលើវិស័យប្រេងរបស់អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតប្រេងឆៅខ្ពស់បំផុត។
ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា ការចោទប្រកាន់របស់អាមេរិក មិនសមហេតុផលឡើយ ប៉ុន្តែអ៊ីរ៉ង់ មិនបាន លើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការដឹកមាសពីវេណេហ្ស៊ុយអេឡា ទៅកាន់ អ៊ីរ៉ង់ឡើយ។ ទីក្រុងតេអ៊ីរ៉ង់ ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា អាមេរិកបានដាក់គំនាបទៅលើរដ្ឋាភិបាលទីក្រុងវេណេហ្ស៊ុយអេឡា ដើម្បីបង្កឲ្យមានផលលំបាកដល់វិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ៕ ប្រែសម្រួលដោយ៖ MEO